ព័ត៌មានទាន់ហេតុការណ៍៖

រពឹស​ដៃ​ ជាប់ខ្នោះ.! លួចកាត់ខ្សែភ្លេីងពលរដ្ឋ​ ត្រូវនគរបាលស្រុកត្រាំកក់​ ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច​ បន្ទាប់ពីធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីង​ នៅចំណុចភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង​ ១២៖៣០ នាទីនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង​ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤​​ ។ 

      សមត្ថកិច្ចបានឲ្យដឹងថា​ ករណីលួចកាត់ខ្សែភ្លើងនេះបង្កឡើងដោយជនសង្ស័យ​ ០២នាក់រួមមាន​ ៖​ ទី១.ឈ្មោះ អាំ សុផា ភេទប្រុស អាយុ ២៦ ឆ្នាំ​ មានទីលំនៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ​ ។ និងទី២.ឈ្មោះ ហេង រិន ហៅរ៉ូត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។​ ខណៈពួកគេបានជិះម៉ូតូម៉ាក ហុងដា  C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រដាប់ដោយកាំបិតផ្គាក់ និងកន្ត្រៃ ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះ រស់ ចំណាន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ពេលដែលធ្វើសកម្មភាពនោះត្រូវបានម្ចាស់ផ្ទះ​(ជនរងគ្រោះ) និងអ្នកជិតខាងឃើញក៏ដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះ​ អាំ សុផា​ ​ប្រគល់ឱ្យសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធី និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង រិន បានរត់គេចខ្លួនបាត់។

    បច្ចុប្បន្ន​នេះ​ ជនសង្ស័យឈ្មោះ អាំ សុផា និងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញមកសាកសួរ​ និងកសាងសំណុំរឿងទៅតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖