ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីង នៅចំណុចភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ១២៖៣០ នាទីនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីលួចកាត់ខ្សែភ្លើងនេះបង្កឡើងដោយជនសង្ស័យ ០២នាក់រួមមាន ៖ ទី១.ឈ្មោះ អាំ សុផា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ និងទី២.ឈ្មោះ ហេង រិន ហៅរ៉ូត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខណៈពួកគេបានជិះម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រដាប់ដោយកាំបិតផ្គាក់ និងកន្ត្រៃ ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ឈ្មោះ រស់ ចំណាន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ពេលដែលធ្វើសកម្មភាពនោះត្រូវបានម្ចាស់ផ្ទះ(ជនរងគ្រោះ) និងអ្នកជិតខាងឃើញក៏ដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះ អាំ សុផា ប្រគល់ឱ្យសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធី និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង រិន បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ អាំ សុផា និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញមកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ