ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញឱ្យរដ្ឋាភិបាលអាណត្ដិពន្លឿនការស្ថាបនា «ព្រែកជីកហ្វូណនតេជោ» ដើម្បីពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ បានចេញញត្ដិគាំទ្រ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ទាំងស្រុង ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលថ្មី ពន្លឿនក្នុងការជីកព្រែកហ្វូណនតេជោ ឱ្យបានឆាប់ដើម្បីជៀសវាងសាធារណមតិ និងក្រុមប្រឆាំងជ្រុលនិយម លើកឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្ខូចបង្អាប់រាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនយល់ពីផលប្រយោជន៍របស់សេដ្ឋកិច្ចជាតិ ជាពិសេសឯករាជ្យនយោបាយដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។

នៅក្នុងញត្ដិគាំទ្រ ចុះថ្ងៃទី១៧ ខែឧសភា បានឱ្យដឹងថា គណបក្សខ្មែរតែមួយ យល់ឃើញថា ការជីកព្រែកហ្វូណនតេជោបានកាន់តែលឿននោះ សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែប្រសើរ ដោយកម្ពុជាមិនខ្ចីដង្ហើមគេដកតទៅទៀត។ ទន្ទឹមនឹងនេះ ប្រទេសជិតខាងកម្ពុជា គ្មានសិទ្ធិលូកដៃចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ ពីព្រោះគម្រោងព្រែកជីកហ្វូណនតេជោ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយព្រែកជីកហ្វូណនតេជោ នឹងក្លាយជាមរតកជាតិសម្រាប់កូនខ្មែរគ្រប់ជំនាន់ និងជាប្រភពពហុវិស័យដើម្បីជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖