ទីក្រុងសេអ៊ូល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក CHO Hyungsang អនុប្រធានក្រុមហ៊ុន Hyosung Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃជំនួបនេះ លោកអនុប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះដំណើរទស្សនកិច្ចប្រកបដោយភាពជោគជ័យរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកអនុប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Hyosung Group Ltd. ដែលផ្ដោតលើការផលិតសម្ភារអេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនងនិងការអភិវឌ្ឍប្រព័ន្ធ 5G និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្គត់ផ្គង់នូវវត្ថុធាតុដើមក្នុងការផលិតសំបកកង់រថយន្តទៅឱ្យក្រុមហ៊ុននៅក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្គត់ផ្គង់សម្ភារសម្រាប់វិស័យកងទ័ពផងដែរ។ តាមរយៈជំនួបពិភាក្សានាឱកាសនេះ លោកអនុប្រធានក្រុមហ៊ុន មានសង្ឃឹមថានឹងអាចស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក CHO Hyungsang និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ហើយសម្ដេចធិបតីក៏បានបង្ហាញការពេញចិត្តចំពោះការភ្ជាប់នូវទំនាក់ទំនងនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកូរ៉េ ជាមួយនឹងក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី សង្ឃឹមថាក្រុមហ៊ុននឹងពិនិត្យលទ្ធភាព និងស្វែងរកឱកាសនៅក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកអនុប្រធានក្រុមហ៊ុនផងដែរថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់សាធារណរដ្ឋកូរ៉េនេះ សម្ដេចធិបតីក៏បានផ្ដួចផ្ដើមនូវគំនិតផ្ដួចផ្ដើមថ្មីពីរ ដើម្បីឱ្យគាំទ្រដល់ក្រុមហ៊ុនវិនិយោគរបស់កូរ៉េនៅកម្ពុជា ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងយន្តការចាំបាច់មួយចំនួន ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក និងការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិន និងធុរជន និងបានដាក់ឱ្យអនុវត្តនូវច្បាប់ថ្មីស្ដីពីវិនិយោគ ដើម្បីផ្ដល់នូវការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគនៅកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) ដើម្បីទាក់ទាញការវិនិយោគ និងជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្រៅប្រទេស។ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការប្រើប្រាស់នូវថាមពលស្អាត ជាដើម។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ តារា