ទីក្រុងសេអ៊ូល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនលើវិស័យសំណង់ដែលរួមមាន៖ ការកសាងនូវតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។ ក្នុងជំនួបនេះ ក្រុមហ៊ុនមានបំណងទទួលបានទស្សនៈបន្ថែមពីសម្ដេចធិបតី អំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនូវសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើបពីប្រទេសកូរ៉េ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានក្រុមហ៊ុន និងសហការី និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចមានជំនឿថា ជំនួបនេះនឹងអនុញ្ញាតឱ្យប្រតិភូកម្ពុជាស្វែងយល់បន្ថែមអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមាននូវការធ្វើពិពិធកម្មអចលនទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅមានសក្ដានុពលច្រើនសម្រាប់កាលានុវត្តភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលបៃតង ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យនេះផងដែរ។
មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Daewoo E&C ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពពិត ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័នជំនាញក្នុងការស្វែងរកឱកាសវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ តារា