ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី៖ ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ជាកត្តាគន្លឹះរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង

ចែករំលែក៖

នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ 

ក្នុងឱកាសនៃជំនួប លោកបណ្ឌិត YUN Seog-dae បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីថា K-Water របស់សាធារណរដ្ឋកូរ៉េ មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងការចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកបណ្ឌិត មានជំនឿជាក់ថា K-Water នឹងមានលទ្ធភាពចូលរួមចំណែកក្នុងការសម្រេចបាននូវគម្រោងនានាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ការដំឡើងកម្រិតទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងអាចជំរុញឱ្យ K-Water មានលទ្ធភាពច្រើនថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំយកនូវបទពិសោធន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងយន្តការនៃការគ្រប់គ្រងធនធានទឹក ទៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត និងសហការី  និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ K-Water ជាមួយកម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក ដែលសម្ដេចធិបតី បានគូសបញ្ជាក់ថា នៅកម្ពុជា មានក្រសួងសំខាន់ចំនួនពីរ ដែលជាសេនាធិការលើកិច្ចការពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹក រួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ហើយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យ K-Water សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងនានារបស់សាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងធនធានទឹកនៅប្រទេសកម្ពុជា តាមរយ:ការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតលើតំបន់ដែលមានធនធានទឹកនានានៅកម្ពុជា និងកំណត់នូវពេលវេលាក្នុងការរៀបចំគម្រោងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងធនធានទឹកតាមបណ្ដាញនៃទន្លេមេគង្គ និងបឹងទន្លេសាប សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានធនធានទឹកដែលអាចគ្រប់គ្រងបាន និងអាចធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់វិស័យកសិកម្មនៅរដូវប្រាំង និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង។ 

មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ K-Water បន្តរួមចំណែកបន្ថែមទៀតក្នុងគម្រោងនានាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដែលស្ថិតនៅក្រោមគម្រោងជំនួយផ្លូវការរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA និង EDCF Loan ៕

 

 

 

 


ចែករំលែក៖