ព័ត៌មានទាន់ហេតុការណ៍៖

លោក Trump និយាយថា លោកមិនជឿ«សូម្បីតែបន្តិច» ថា ចិននិងរុស្ស៊ី កំពុងជួយអុីរ៉ង់ 

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមិនជឿទេថាចិននិងរុស្ស៉ីកំពុងជួយដល់អ៉ីរ៉ង់ ដោយបន្ថែមថា មូស្គូនិងប៉េកាំងនឹងត្រូវខាតបង់ធ្ងន់ធ្ងរ ប្រសិនបើពួកគេគាំទ្រតេហេរ៉ង់។

លោក ត្រាំ បានលើកឡើងបែបនេះនៅលើបណ្តាញសង្គម Truth Social បន្ទាប់ពីលោកឃើញមានមតិយោបល់ពីក្រុមអ្នករិះគន់និងគូប្រជែងរបស់លោក និយាយថា ចិននិងរុស្ស៉ីកំពុងជួយដល់អ៉ីរ៉ង់។ «បើពួកគេធ្វើ គឺក្នុងកម្រិតទាបបំផុត ប៉ុន្តែខ្ញុំមិនជឿទាល់តែសោះ។ ពួកគេនឹងត្រូវខាតបង់ច្រើន ហើយយើងអាចដឹងបានលឿនណាស់»។ នេះគឺជាសាររបស់លោក ត្រាំ បង្ហោះលើ Truth Social។

សហរដ្ឋអាមេរិកកំពុងដោះស្រាយសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលមិនទាន់រកទីបញ្ចប់ឃើញ ក្រោយរួមដៃជាមួយអ៉ីស្រាអែលបំផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រុស្ស៉ីធ្លាប់លើកឡើងថា សង្គ្រាមជាមួយអ៉ីរ៉ង់អាចនាំឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ចំណែកទីក្រុងប៉េកាំងវិញបានថ្កោលទោសការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោន ថាជាការរំលោភបំពានធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់អ៉ីរ៉ង់៕

ដោយ៖ ធីរីណា


ចែករំលែក៖