ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បន្តចូលរួមសង្កេតការណ៍ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី២

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការប្រឡងប្រជែង អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បន្តចូលរួមសង្កេតការណ៍ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី២ ។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៥៤រូប បន្តចូលរួមសង្កេតការណ៍ក្នុងដំណាក់កាលលើកទី២ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ 

ដំណើរការប្រឡងប្រជែងនេះ ត្រូវអនុវត្តស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡង ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការប្រឡងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយវិញ្ញាសាបែងចែងជា ៖

១-ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១ (កម្រិតបរិញ្ញាបត្រ)៖

– ឯកទេសគណិតវិទ្យា ឬ រូបវិទ្យា រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣ 

– ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង (១៥:០០នាទី-១៧:០០នាទី) មេគុណ១

២-ប្រព័ន្ធបណ្តុះបណ្តាល ១២ + ៤ (កម្រិតថ្នាក់ទី១២)៖

– ឯកទេសគីមីវិទ្យា ឬ ជីវវិទ្យា រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) មេគុណ៣

– ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង (១៥:០០នាទី-១៧:០០នាទី) មេគុណ១

៣-ប្រព័ន្ធបណ្តុះបណ្តាល ១២ + ២ (កម្រិតថ្នាក់ទី១២)៖ 

– មុខវិជ្ជាឯកទេសទី១ រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី)មេគុណ៣

– មុខវិជ្ជាឯកទេសទី២ រយៈពេល ២ម៉ោង (១៥:០០នាទី-១៧:០០នាទី) មេគុណ២

សូមជម្រាបជូនថា អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមក្នុងនាមជាអង្គភាពសង្កេតការណ៍នៅក្នុងដំណើរការនៃការប្រឡងប្រជែង ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ៕

ដោយ ៖ សិលា


ចែករំលែក៖