ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤៤១នាក់ ក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤៤១នាក់  ក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ។ នៅខាងក្រៅមណ្ឌលមាន ពុក ម៉ែ អ៊ំពូ មា មីង និងសាច់ញាតិ កំពុងរង់ចាំលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តជូនបេក្ខជនដែលធ្វើដំណើរមកពីបណ្តាខេត្តនានាទូទាំងប្រទេស។ រូបភាពទាំងអស់នេះ បង្ហាញពីការតស៊ូ ការចូលរួមលះបង់ ប្រឹងប្រែងឆ្លងកាត់ដំណាក់កាលលំបាកៗរបស់បេក្ខជន ដើម្បីសម្រេចគោលដៅដែលខ្លួនប៉ងប្រាថ្នា រួមទាំងការធ្វើដំណើរមកប្រឡងនៅរាជធានីភ្នំពេញរួមគ្នា នៅកន្លែងតែមួយ ពេលវេលាតែមួយ និងនីតិវិធីតែមួយ។  នេះជាប្រសាសន៍លើកឡើង របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ 

 លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ៖ ក្នុងន័យនេះ និងជាថ្មីម្តងទៀត សូមអាណាព្យាបាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទុកចិត្តលើដំណើរការនៃការប្រឡងនៅក្នុងមណ្ឌល ហើយជឿជាក់លើឆន្ទៈកែទម្រង់ដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អការជ្រើសរើសមន្ត្រីរាជការស៊ីវិល។ តាមរយៈការចូលរួមដោយផ្ទាល់លើគ្រប់ដំណាក់កាល និងតាមដានពិនិត្យ យ៉ាងល្អិតល្អន់លើគ្រប់ក្នុងដំណើរការនៃការប្រឡង ខ្ញុំសូមអះអាងថា ការប្រឡងពិតជាប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ បេក្ខជនមានឱកាសចូលរួមដូចៗគ្នា ហើយមានឱកាសក្លាយជាមន្ត្រីរាជការស៊ីវិលដូចៗគ្នា។  អ្វីដែលត្រូវការតែមួយគត់គឺ សមត្ថភាពក្នុងការប្រឡងប្រជែង យកលទ្ធផលឱ្យបានល្អជាងគេ។  

 លោកឧបនាយករដ្ឋមន្ត្រី  សូមជូនពរបេក្ខជន បេក្ខនារីដែលចូលរួមប្រឡងប្រជែងក្លាយជាគ្រូអនុវិទ្យាល័យ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា តាមរយៈការប្រើប្រាស់សមត្ថភាពរៀងៗខ្លួន ៕ 

ដោយ ៖ សិលា


ចែករំលែក៖