ភ្នំពេញ ៖ នៅក្នុងឱកាសទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានការចូលរួមពីធុរជនប្រមាណ៣០០រូប មកពីក្រុមហ៊ុនប្រមាណ២០០ ដោយបានថ្លែងលើកទឹក ចិត្តឱ្យក្រុមហ៊ុនកូរ៉េវិនិយោគថែមទៀតលើវិស័យសក្តានុពលដូចជា កសិកម្ម ការកែច្នៃម្ហូបអាហារ និង ឧស្សាហកម្មកម្មន្តសាលឈានមុខ។ សម្តេចធិបតី បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការវិនិយោគជា យុទ្ធសាស្ត្រនៅកម្ពុជាដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ សាជីវកម្ម កូរ៉េអាចពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើរតួនាទីគន្លឹះក្នុងការរៀបចំអនាគតរបស់ តំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលជួបដោយឡែក ជាមួយក្រុមហ៊ុននាំមុខរបស់កូរ៉េចំនួន៨ មានដូចជា ក្រុមហ៊ុន Daewoo E&C, Daejoo KC, Booyoung Khmer II, Hanshin E&C ដែលកំពុងមានប្រតិបត្តិ ការ ឬកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា ឧស្សាហកម្ម ថាមពល សំណង់ អចលនទ្រព្យ និងភស្តុភារកម្ម ជាដើម។
សម្តេចធិបតី អមដោយ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឆ្លៀតពេលជួប សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េចំនួនប្រមាណ២.៣០០នាក់ ដោយបាន បញ្ជាក់ពីការបន្តខិតខំដោះស្រាយរាល់បញ្ហាលំបាកទាំងឡាយ ដើម្បីឱ្យបងប្អូនខ្មែរទាំងអស់អាចស្នាក់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ប្រកបដោយសុខមាលភាព។
ក្រៅពីអញ្ជើញចូលរួមអមសម្តេចធិបតីនៅក្នុងកម្មវិធីនានា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាសម្តេចធិបតី បានទទួលជំនួបសម្តែងការគួរសមពីសំណាក់លោកស្រីបណ្ឌិត ហ៊ុន ជូស៊ិន (Byun Juseon) ស្ថាបនិកនៃអង្គការមិត្តអាស៊ី-ប៉ាស៊ីហ្វិក និងលោក គីម វ៉ូជុង (Kim Woojung) ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ព្រមទាំងបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យស៊ូជុនហៀង (Soochunhyang) និងទស្សនាការតាំងពិព័រណ៍នៅវិចិត្រសាល ហ្គូរូជី (Gallery Guruji)។
ក្នុងឱកាសទស្សនកិច្ចរបស់ សម្តេចធិបតី នៅសាធារណរដ្ឋកូរ៉េនេះ មានការចុះហត្ថលេខាលើឯកសារ ចំនួន១៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនានា ក្នុងនោះរួមមានការបង្កើនទំហំ និងពន្យារថិរវេលា កិច្ចសម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍនកូរ៉េ ឥណទានកែលម្អផ្លូវជនបទនៅកម្ពុជា កិច្ចសហប្រតិបត្តិការវិនិយោគ កម្មសិទ្ធបញ្ញា ការបង្ក្រាបគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសហគមន៍ខ្មែរនៅក្រៅប្រទេសអាចផ្តល់ឱកាសដល់កូនខ្មែរដែលកើតនៅក្រៅប្រទេស ហើយការរៀបចំបង្កើតឱ្យមានសហគមន៍ខ្មែរជាច្រើនកន្លែងនៅក្រៅប្រទេសអាចធ្វើឱ្យភាសាខ្មែរ និងវប្បធម៌ខ្មែររីកដុះដាលនៅក្រៅស្រុកកាន់តែទូលំទូលាយ ហើយនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «នេះហើយថា ការរៀបចំគោលនយោបាយយើងមិនបិទនោះទេ តែយើងបានផ្តល់ឱកាសបន្ថែម ប៉ុន្តែ ការបញ្ជូនពលករទៅក្រៅប្រទេស ឬបងប្អូន ប្រជាជនយើងទៅរៀននៅក្រៅប្រទេស ទៅរស់នៅក្រៅប្រទេសរដ្ឋាភិបាលមិនបោះបង់ចោលទេ រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់។ អ៊ឹចឹងគោលនយោបាយគាំពាររបស់រដ្ឋាភិបាលដែលបានធ្វើសម្រាប់បងប្អូននៅកូរ៉េនេះ គឺយើងបានធ្វើច្រើន» ៕
ដោយ ៖ សិលា