ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា ៖ ប្រាំថ្ងៃលើទឹកដីវៀតណាម របស់ប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ)

ចែករំលែក៖

ភ្នំពេញ ៖ ប្រាំថ្ងៃលើទឹកដីវៀតណាម ប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ចំនួន៥រូបបានទស្សនកិច្ចការងាររយៈពេល៥ថ្ងៃលើទឹកដីវៀតណាមចំពេលដែលប្រធានបទគម្រោងព្រែកជីកហ្វូណនតេជោកំពុងក្តៅគគុកដោយសារព្រែកជីកនេះទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយ ប្រវិត្តិសាស្រ្ត បរិស្ថាន ប្រព័ន្ធធារាសាស្រ្ត និងប្រទេសជិតខាងជាមួយនឹងវៀតណាមនេះឯង។  នេះជាការបញ្ជាក់ពីលោក ពុយ គា ប្រធានក្លិបអ្នកកសែតកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ 

 ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ៖ មុននឹងចេញដំណើរ ប្រតិភូបានគិតទៅដល់សំណួរនឹងការលើកឡើងមួយចំនួនពីសមភាគីវៀតណាមអំពីព្រែកជីក ប៉ុន្តែការគិតគូរនោះបានត្រឹមតែគិត ព្រោះរាល់ជំនួបទាំងអស់ ភាគីវៀតណាមមិនបានលើកទាល់តែសោះអំពីព្រែកជីក សូម្បីតែជាមួយ លោក Le Quoc Minh ជាមន្រ្តីជាន់ខ្ពស់វៀតណាមដែលជាសមាជិកមជ្ឈិមបក្ស ជាអនុប្រធានឃោសានាអប់រំមជ្ឈិមបក្ស ជានិពន្ធនាយកកាសែតប្រជាជនវៀតណាម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម នៅក្នុងជំនួបជាមួយគ្នានារសៀលថ្ងៃទី១៥ ខែឧសភា បីថ្ងៃមុននេះ ក៏ដូចគ្នាជាមួយថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មានធំៗដទៃទៀត រួមទាំងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ផង។ 

វៀតណាមមិនចាប់អារម្មណ៍រឿងព្រែកជីកនេះ ឬយ៉ាងណា?

ថាមិនចាប់អារម្មណ៍ក៏មិនទាន់គ្រប់ជ្រុងជ្រោយដែរ ព្រោះកន្លងមក ក្រៅពីអ្នកស្រាវជ្រាវ ក៏មានអ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមបានលើកបញ្ហាព្រែកជីកនេះចំនួនបីលើករួចមកហើយដែរ បើទោះបីជាកម្រិតនៃការលើកនោះមិនមានលក្ខណៈធ្ងន់ធ្ងរក៏ដោយ (ពីរលើកដោយអ្នកនាំពាក្យគោល រីឯមួយលើកទៀតដោយអ្នកនាំពាក្យរងនៅពេលអ្នកសារព័ត៌មានវៀតណាមចោទសួរអំពីព្រែកជីកនេះ)។ យ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំសាកសួរពលរដ្ឋ និងមន្រ្តីរដ្ឋការរបស់វៀតណាម គេឆ្លើយតបថាគេធ្លាប់បានឮខ្លះៗដែរតាមរយៈសារព័ត៌មាន ប៉ុន្តែគេមិនសូវចាប់អារម្មណ៍រឿងហ្នឹងទេ ហើយក៏មិនបានដឹងថានឹងទៅជាយ៉ាងម៉េច ក្នុងនោះក៏មានអ្នកសារព័ត៌មានផងដែរ។ ពិតណាស់ការសាកសួរប៉ុណ្ណឹងមិនមែនជាផ្លូវការឡើយ ព្រោះជាការស្វែងយល់តិចតួចប៉ុណ្ណោះ ហើយខ្ញុំយល់ថា ការចាប់អារម្មណ៍លើរឿងព្រែកជីកហ្វូណនតេជោអាចខុសគ្នារវាងអ្នករស់នៅភាគខាងជើង និងអ្នករស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ 

ប្រតិភូក្លិបអ្នកកាសែតកម្ពុជាទៅវៀតណាមធ្វើអ្វី?

ជាការឆ្លើតតបទៅនឹងការអញ្ជើញរបស់ប្រធានសមាគមអ្នកកាសែតវៀតណាមដែលក្លាយជាដៃគូសហការជាមួយគ្នាលើកិច្ចការព័ត៌មាន បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាក្លាយជាសមាជិករបស់សហព័ន្ធសារព័ត៌មានអាស៊ាន (Confederation of Asean Journalists) នៅក្នុងឆ្នាំ២០១៨។ ក្លិបអ្នកកាសែតកម្ពុជាក៏មានដៃគូសហការជាមួយសមាគមអ្នកកាសែតនៃប្រទេសផ្សេងៗទៀតដែរ។  

  តើថ្នាក់ដឹកនាំក្លិបធ្វើអ្វីខ្លះនៅវៀតណាម?

ចម្ងល់មួយនេះប្រហែលជាពិបាកឆ្លើយបន្តិចហើយ ព្រោះរយៈពេលដល់ទៅ៥ថ្ងៃឯណោះ។ ណ្ហើយចុះ សូមប្រាប់ត្រួសៗបន្តិចទៅចុះ នោះគឺជំនួបជាបន្តបន្ទាប់ជាមួយស្ថាប័នព័ត៌មានវៀតណាម ទស្សនកិច្ចពន្ធនាគារកណ្តាលសម័យអាណានិគមបារាំងដែលមានមេដឹកនាំវៀតណាមមួយចំនួនត្រូវបានជាប់ឃុំឃាំងជាអ្នកទោសនយោបាយនៅទីនោះ រួមទាំងលោក ដូ មឺយ (Do Muoi) អតីតអគ្គលេខាធិការបក្សដែលជាមេដឹកនាំកំពូលរបស់វៀតណាម, សារមន្ទីរអក្សរសាស្រ្ត, សវនាការជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងតំបន់រម្មនីយដ្ឋានភាគខាងជើងជាប់ព្រំដែនខេត្តយូណានរបស់ប្រទេសចិន។ រម្មនីយដ្ឋានសាប៉ា (Sapa) ជាតំបន់ខ្ពង់រាបសម្បូរដោយភ្នំរាប់មិនអស់ ជាតំបន់ទេសចរណ៍ដ៏ត្រជាក់និងទាក់ទាញមួយដែលវៀតណាមដាក់ឈ្មោះថា “ទីក្រុង៤រដូវក្នុងមួយថ្ងៃ” ព្រោះអាកាសធាតុប្រែប្រួលមិនទៀង។ សូម្បីចិត្តបុរសដែលនារីតែងតំណាលថា “ប្រែប្រួលមិនទៀង” ក៏មិនអាចប្រដូចតំបន់នោះបានឡើយ។ ដំណើរទស្សនកិច្ចនោះធ្វើឱ្យខ្ញុំនឹកភ្នកទៅដល់ ភ្នំបូកគោ និងបុរីជូឡុង (គិរីរម្យ) នៅកម្ពុជាដែលអាចក្លាយជាតំបន់ទេសចរណ៍ដ៏ត្រជាក់ដូចទីក្រុងសាប៉ា នោះដែរ។

 វិលត្រឡប់មករឿងរដូវមិនទៀងវិញ ក៏ធ្វើឱ្យខ្ញុំនឹកដល់ការសាសងសម្តីនារាត្រីមួយនៅពេលយើងកំពុងស្ថិតនៅទីក្រុងហាណូយដែលបុរសម្នាក់បានជាប់អន្ទាក់រឿង “២កំប៉ុង ១០យប់”។  

អ្វីទៅ២កំប៉ុង ១០យប់?  

ប្រពន្ធបានផ្តាំថា សូមបងពិសាស្រាបៀត្រឹម២កំប៉ុង ហើយម៉ោង១០យប់ចូលផ្ទះវិញ ប្តីឮហើយក៏ត្រេកអរពន់ពេក រួចចេញទៅក្រៅតាមការណាត់ជួបជាមួយមិត្តភក្តិរហូតដល់ “១០កំប៉ុង ២ភ្លឺ”។ ពេលមកដល់ផ្ទះវិញ ប្រពន្ធគាត់ខឹងហើយសួរថាម៉េចបានជាមិនស្តាប់បណ្តាំ បុរសនោះក៏ឆ្លើយថា “២នៅតែ២ រីឯ១០នៅតែ១០ គ្រាន់តែប្តីច្រឡំទេតើ!”។ 

នៅមានទៀត តែសូមស្លេះប៉ុណ្ណឹងចុះ៕

ដោយ ៖ សិលា


ចែករំលែក៖