ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Raptor បើកបុកម៉ូតូscoopy នៅភ្លើងស្តុបផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកFord Raptor មួយគ្រឿងខណៈមកដល់ភ្លើងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ scoopy ជិះដោយបុរសម្នាក់យ៉ាងពេញទំហឹងប៉ើងទៅផ្ទប់របាំងថ្មបណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបបូកគោ ស្ថិតនៅលើផ្លូវព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

    បើតាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាscoopy ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1KC-4546 ជិះដោយបុរសរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតទៅលិចឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈឆ្លងដល់ពាក់កណ្តាលផ្លូវមានរថយន្តបង្កម៉ាកFord  Raptor ពណ៌ស ពាក់ស្លាកលេខ ឧ.មានជ័យ 2C-6669 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះមុនីវង្សពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុមិនបង្អង់ល្បឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងប៉ើងផ្ទប់នឹងរបាំងថ្មបណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋដឹកយកទៅសង្គ្រោះភ្លាមៗ។

   បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្តនិងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖