ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយបុរសនិងនារី២នាក់ទៀតបានបើករថយន្តម៉ាក Toyota RAIZEមួយគ្រឿងបោះពួយយ៉ាងលឿនស្រាប់តែរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងនិងបន្តទៅបុករោងសមត្ថកិច្ចយាមបណ្តាលឱ្យរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ៤:២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Raize ពណ៌ទឹកប្រាក់មួយគ្រឿងគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់និងបុរសម្នាក់ទៀតតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុពុំដឹងថាអ្នកបើកបរមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងចិញ្ចឹមផ្លូវជ្រុលទៅបុករោងសមត្ថកិច្ចយាមបណ្ដាលឱ្យបាក់បែករងការខូចខាតរួចបន្តទៅបុកផ្ទប់បង្គោលភ្លើងទើបរថយន្តទៅមុខលែងរួច ខូចខាតផ្នែកខាងមុខយ៉ាងដំណាំ ហើយភ្លាមៗនោះដែរអ្នកបើកបរក៏បានចុះពីរថយន្តឡើងជិះកង់បីគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែង រួចហើយយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោករង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ