ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុយពីលោកខាងលិច ទីក្រុងប៉ារីស គាំទ្រឯករាជ្យភាពរបស់ ICC ក្រោយរដ្ឋអាជ្ញាស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា បារាំងនៅថ្ងៃចន្ទទី២០ ខែឧសភា (ម៉ោងនៅទីក្រុងប៉ារីស) បាននិយាយថា ខ្លួនគាំទ្រដល់ឯករាជ្យភាពរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បន្ទាប់ពីរដ្ឋអាជ្ញាតុលាការអន្តរជាតិមួយនេះបានស្នើសុំដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៉ីស្រាអែល ក្នុងនោះមានទាំងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងមេដឹកនាំរបស់ក្រុមហាម៉ាស់ ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសបារាំង បានគូសបញ្ជាក់ដូច្នេះថា «បារាំងគាំទ្រតុលាការព្រហ្មទណ្ឌអន្តរជាតិ ឯករាជ្យភាពរបស់តុលាការនិងការប្រយុទ្ធប្រឆាំងនឹងរាល់អំពើនិទណ្ឌភាពនៅគ្រប់ស្ថានការណ៍ទាំងអស់»។ ជាមួយគ្នានេះ ក្រសួងក៏បានថ្កោលទោសផងដែរចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនដោយក្រុមហាម៉ាស់លើអ៉ីស្រាអែល ខណៈព្រមានអ៉ីស្រាអែលពីភាពចាំបាច់ក្នុងការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។
គួរបញ្ជាក់ថា រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថា រូបលោកផ្ទាល់បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និងមេដឹកនាំហាម៉ាស់ លោក Yahya Sinwar និងមេដឹកនាំហាម៉ាស់២នាក់ទៀត ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម។ តែទាំងអ៉ីស្រាអែល និងហាម៉ាស់សុទ្ធតែបង្ហាញការខឹងសម្បានិងថ្កោលទោសការស្នើសុំដីកាចាប់ខ្លួនប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ពួកគេ។
តាមលោករដ្ឋអាជ្ញា Karim Khan អ៉ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានចោទប្រកាន់អ៉ីស្រាអែលថាកំពុងវាយប្រហារជាលក្ខណៈប្រព័ន្ធប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន និងប្រើប្រាស់គ្រោះទុរភិក្សជាអាវុធ។ រដ្ឋអាជ្ញារូបនេះក៏បានលើកឡើងដែរថា មេដឹកនាំហាម៉ាស់ ក្នុងនោះរួមមានលោក Ismail Haniyeh និងលោក Yahya Sinwar ជាអ្នកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖