ខេត្តព្រៃវែង ៖ សមាជិកក្រុមគ្រួសារកំពុងតែដេកលក់ស្កប់ស្កល់ស្រាប់តែមានអារម្មណ៍ថាក្តៅៗទើបភ្ញាក់ឡើងក៏ស្រឡាំងកាំងឃើញឆេះផ្ទះទៅហើយ។ នោះគឺករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកកំពង់ត្របែកបានឱ្យដឹងថា ផ្ទះ១ខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ ៧,៥ម៉ែត្រគុណនឹង៥,៥ម៉ែត្រត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយសារតែឆ្លងចរន្តអគ្គិសនី។
មន្ត្រីនគរបាលស្រុកកំពង់ត្របែកបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ខឿត សុវណ្ណាត ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ឋឈ្មោះ វ៉ា ស្រីណាត អាយុ៣២ឆ្នាំ។
ប្រភពខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេនិងកូនចៅកំពុងដេកនៅក្នុងផ្ទះសុខៗ ស្រាប់តែមានអារម្មណ៍ថាក្ដៅ ពេលភ្ញាក់ឡើងក៏ឃើញផ្ទះត្រូវភ្លើងឆេះខ្លាំងទៅហើយ ទើបពុំបានគិតគូរអ្វីវវែងឆ្ងាយ ទាំងប្ដីនិងប្រពន្ធសង្វាតនាំកូនចៅរត់ចេញក្រៅផ្ទះ ព្រោះខ្លាចត្រូវភ្លើងឆេះ ។ ពេលចេញក្រៅផ្ទះរួច ក៏ស្រែកឆោឡោហៅអ្នកស្រុកជិតខាងឱ្យជួយពន្លត់តែជួយមិនឈ្នះដោយសារភ្លើងឆេះខ្លាំងពេក ទើបបានត្រឹមឈរយំសម្លឹងមើលផ្ទះត្រូវភ្លើងឆេះរហូតអស់តែម្ដង។
គ្រោះអគ្គិភ័យនេះ មិនបានបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតនោះទេ គឺខូចខាតតែផ្ទះនិងទ្រព្យសម្បត្តិក្នុងផ្ទះដែលសរុបការខូចខាតទាំងអស់មានតម្លៃស្មើនឹង១២០០០ដុល្លារ៕
ដោយ៖ សូរិយា