ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្លងផ្លូវ ត្រូវស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាមកបុកពីចំហៀងពេញទំហឹង​ របួសធ្ងន់ម្នាក់​ ស្រាលម្នាក់នៅគីឡូម៉ែត្រលេខ៣២

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ ស្ត្រីពីរនាក់​ (ម្នាក់រងរបួសធ្ងន់​ ម្នាក់ទៀតរងរបួសស្រាល​) បន្ទាប់ពីជិះម៉ូតូឌុបគ្នា​ជ្រុលទៅបុករថយន្ត​SIENNA ដែលកំពុងបត់ឆ្លងផ្លូវ​នៅវេលាម៉ោង១​ និង៥០នាទីរសៀលថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២៤​ នៅលេីផ្លូវជាតិលេខ៣​ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣២​  ភូមិតាឡឹក ឃុំត្រពាំងវែង​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។ 

​   ស្ត្រីរងគ្រោះទាំងពីរនាក់ខាងលេីរួមមាន​ ៖​ ទី១​ (របួសធ្ងន់)ឈ្មោះ​ និល​ សុខនា​ ភេទស្រី​ អាយុ៣៥ឆ្នាំ​ រស់នៅស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ។ ទី២​ (របួសស្រាល)​ ឈ្មោះ​ និល​ សុខណេត​ ភេទស្រី​ អាយុ៣២ឆ្នាំ​ រស់នៅស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១០​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ កំពត​ 1D-1410 ។ 

​   តាមសម្ដីស្ត្រីរងគ្រោះដែលរងរបួសស្រាល​បាននិយាយប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់ទាំងពីរ(ស្ត្រីរបួសធ្ងន់)បានជិះម៉ូតូមួយគ្រឿងឌុបគ្នា​ ចេញពីផ្ទះនៅស្រុកព្រៃកប្បាស​ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣​ បំណងទៅកន្លែងធ្វេីការនៅខេត្តកំពង់ស្ពឺ​ ។ ខណៈរូបគាត់ទាំងពីរជិះម៉ូតូមកដល់កន្លែងកេីតហេតុ​ ស្រាប់តែមានរថយន្តម៉ាក​Toyota ​SIENNA ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2AF-3435 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូង​ រួចបានបត់ឆ្វេងបម្រុងចូលការាសសាំង​ ដោយរថយន្តឆ្លងជិតផុត​ក៏ត្រូវម៉ូតូរបស់ពួកគាត់បុកចំពីចំហៀងក្បាលខាងស្ដាំរថយន្តពេញទំហឹង​ បណ្ដាលឱ្យស្ត្រីជាអ្នកឌុបរងរបួសធ្ងន់​ រីឯស្ត្រីអ្នកអង្គុយពីក្រោយរងរបួសស្រាល​ ។ ដោយឡែកម៉ូតូបានបាក់ក​ រងការខូចខាតយ៉ាងដំណំ​ រីឯរថយន្តរងការខូចខាតតិចតួច​ ។ 

​   ក្រោយកេីតហេតុ​ ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់​និងអ្នកនៅក្បែរ​កន្លែងកេីតហេតុបានជួយបាំងកម្តៅថ្ងៃ​ លាបប្រេងកូឡា​ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់​ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះដល់កន្លែងកេីតហេតុ​ ។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង​បានចុះមកដល់និងដឹកស្ត្រីរងគ្រោះទាំងពីរទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ ។ រីឯម៉ូតូ​និងរថយន្ត​បង្ក​ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកផ្នែកចរាចរណ៍​ នៃនគរបាលស្រុកកណ្ដាលស្ទឹង​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖