ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យមានច្បាប់ ដើម្បីដាក់ទោសលើជនណាដែលនិយាយថា មិនមានរបបប្រល័យពូជសាសន៍ នៅកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍បន្តថា ៖ សម្ដេចរង់ចាំ ៤៣ ឆ្នាំទើបយុត្តិធម៌មួយត្រូវបានផ្ដល់ ជូនប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើដល់ប្រទេសមួយចំនួនគួរទទួលស្គាល់កំហុស ចំពោះការទទួលស្គាល់ និងគាំទ្រក្រុមខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ៖ ទីតាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម) ត្រូវបានខ្ញុំ (សម្ដេចតេជោ)ចុះហត្ថលេខាកាត់បញ្ចូលមកក្នុងដែនដីរាជធានីភ្នំពេញ គឺដោយសារកិច្ចព្រមព្រៀងជា មួយអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យសាលាក្ដីនេះ ស្ថិតក្នុងដែនដីនៅភ្នំពេញ ហេតុនេះហើយ បានជាទីតាំងសាលាក្ដីនោះដែលពីមុនស្ថិតនៅក្នុងទឹកដី ខេត្តកណ្ដាលត្រូវបានខ្ញុំ(សម្ដេចតេជោ)ចុះ ហត្ថលេខាកាត់បញ្ចូលមកដែនដីភ្នំពេញវិញ។ សម្ដេចតេជោមានប្រសាសន៍បន្តថា នេះជាប្រវត្តិសាស្ត្រ មួយដែលត្រូវដឹង។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ៖ នៅអំឡុងការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងសុន្ទរកថារបស់ សម្ដេច, សម្ដេចបានលើកឡើងថា កន្លែងដ៏ស័ក្ដិសមបំផុតរបស់ក្រុមខ្មែរក្រហម គួរនៅតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ មិនគួរស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)នោះទេ។ ការលើកឡើងរបស់ សម្ដេចបែបនេះ ត្រូវបានធ្វើឱ្យជាប់គាំងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានាពេលនោះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងគួរតែអរគុណ ប៉ុល ពត ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដែលធ្វើឱ្យយើងអាចរំលាយអង្គការចាត់តាំងរបស់ ប៉ុល ពត បានតាមរយៈនយោបាយ ឈ្នះ ឈ្នះ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដម បាន គីមូន អតីតអគ្គលេខាធិការអង្គ ការសហប្រជាជាតិ បានស្នើឱ្យពង្រីកការកាត់ទោសអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ នៅកម្ពុជា រហូតដល់ថ្នាក់ឃុំ។ សម្ដេចតេជោ បានបញ្ជាក់ជូនទៅឯកឧត្ដម បាន គីមូន ថា សម្ដេចសុខ ចិត្តឱ្យតុលាការកូនកាត់ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាមានសង្គ្រាមឡើងវិញនោះទេ។
សម្ដេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា ៖ នៅមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសមួយចំនួនបានផ្ដល់ទិដ្ឋា ការ(Visa)ការទូតដល់ក្រុមខ្មែរក្រហម ហើយទទួលក្រុមខ្មែរក្រហមដែលបានប្រព្រឹត្តអំពើប្រល័យពូជ សាសន៍នៅកម្ពុជា ដោយព្រំក្រហម ដែលជាការទទួលភ្ញៀវអន្តរជាតិកម្រិតខ្ពស់ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា សាលក្រមដែលសម្រេចដាក់ទោសលើអតីតមេដឹកនាំខ្មែរក្រហម ដែលបានប្រព្រឹត្ត អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាគោលដៅដែលសម្ដេចចង់បាននូវយុត្តិធម៌មួយសម្រាប់ពលរដ្ឋ កម្ពុជា ហើយក៏ជាការលើកទឹកចិត្តឱ្យសម្ដេចដកខ្លួនចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឱ្យដឹងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម)បានឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ៣ រូប មុនសម្រេចឱ្យបង្កើតមានឡើង។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា បើមិនមានការរារាំងពីសម្ដេចនោះទេ នោះតុលាការកាត់ទោសខ្មែរក្រហមនឹងដំណើ រការកាត់ទោសជាបន្តបន្ទាប់លើអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជារហូតដល់ ថ្នាក់ឃុំ និងគ្រប់ទីកន្លែង ដែលធ្វើឱ្យតុលាការនេះដំណើរការមិនចេះចប់ ហើយសហគមន៍អន្តរជាតិនឹងប្រឹងរកលុយដើម្បីជួយដល់ការចំណាយរបស់តុលាការនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបែបនេះ ខណៈសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា