ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍កសិកម្មទំនើបស្រូវនាងអំ ប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនជាលើកដំបូងសម្រាប់ព្រោះស្រូវ លើផ្ទៃដីបង្កបង្កើនផលជាង ៨០០ហិកតា

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញ ឱ្យប្រជាកសិករ មកមើលវីដេអូសហគមន៍កសិកម្មទំនើបស្រូវនាងអំ ប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនជាលើកដំបូងសម្រាប់ព្រោះស្រូវ លើផ្ទៃដីបង្កបង្កើនផលជាង ៨០០ហិកតា។ 

លោក ឃឹម ហ្វីណង់ បានលើកឡើងថា ៖ កាលពីមុន បងប្អូនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន ពួកគាត់គ្មានជម្រើសអ្វីក្រៅពីព្រោះដោយដៃ ឬជួលគ្រឿងចក្រ ឬជួលដ្រូនពីគេក្នុងតម្លៃខ្ពស់ឡើយ តែដល់ពេលប្រមូលផ្តុំគ្នាបាន ៨០០ហិកតា ពួកគាត់មិនត្រឹមតែអាចជួលគេបានធូរថ្លៃជាងមុនទេ តែសហគមន៍នេះស្រាប់តែមានលទ្ធភាពទិញដ្រូនទុកប្រើនៅក្នុងសហគមន៍តែម្តង។ បើប្រើប្រាស់បានត្រឹមត្រូវ ដ្រូនមួយនេះអាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំទៀតផង។ ពិតជាមានការសន្សំសំចៃខ្ពស់មែន! 

លោកបន្តថា ៖ «សេដ្ឋកិច្ចមាត្រាដ្ឋាន»នៃការបង្កបង្កើនផលរួមគ្នាក្នុងទំហំធំ ធ្វើឱ្យថ្លៃដើមជួលដ្រូនខ្ពស់ជាងថ្លៃទិញដ្រូនទុកប្រើប្រាស់ជាប្រចាំក្នុងសហគមន៍ទៅទៀត។ នេះហើយគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយនៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ។ លោក ឃឹម ហ្វីណង់ បង្ហាញពីសហគមន៍កសិកម្មទំនើប សហគមន៍ស្រូវនាងអំ ប្រើដ្រូនព្រោះស្រូវ ឃើញថា ប្រជាកសិករយើង យកចិត្តទុកដាក់ ក្នុងការចូលរួមជាមួយសហគមន៍កសិកម្មទំនើប៕

ដោយ ៖ សិលា


ចែករំលែក៖