ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ តើកត្តាប្រឈមអ្វីខ្លះ ដែលបណ្តាលអោយឈឺចង្កេះ?

ចែករំលែក៖

ភ្នំពេញ ៖ អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖ 

– អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ

– អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ

– ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា

– អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ

– ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

ខ) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖ 

– វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់

– ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ

– ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ

– ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង

– ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម

– ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ

– ជំងឺមហារីក ។ល។

*បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

«សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖