ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យជាក្មេងទំនើង១០នាក់ទៅតុលាការនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ពាក់ព័ន្ធករណីជិះម៉ូតូដេញវាយគ្នានៅស្រុកស្វាយជ្រំ។
យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសាលា
ខេត្ដស្វាយរៀង និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ ហើយនិងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទីយប់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីលោកមេភូមិក្រោលគោថា មានក្មេងទំនើង១ក្រុមជិះម៉ូតូដេញវាយគ្នានៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ តាមផ្លូវជាតិលេខ១ និងបានរត់ចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុនិងបានស្ដាប់ការបំភ្លឺពីឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧និង០០នាទី ខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខស្វាយរៀង1N-0311ចេញពីផ្ទះស្ថិតក្នុងភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សំដៅទៅមើលល្ខោន នៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ពេលទៅដល់រូបខ្លូនជួបមិត្ដភក្ដិនៅជិតរោងល្ខោនចំនួន០៩នាក់ គឺ ១-ឈ្មោះ ស៊ីម ពល: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ២-ឈ្មោះ វន់ ចាន់វៀត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ៣-ឈ្មោះ សឿង វី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំង២មានទីលំនៅភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៤-ឈ្មោះ ក្រូច ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុនរបរកសិករ មានទីលំនៅភូមិម៉ឺនសាយ ឃុំអង្គតាសូ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ៥-ឈ្មោះសេង ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ៦-ឈ្មោះអែម ជីវ័ន្ដ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិសណ្ដោត ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ៧-ឈ្មោះជិន សុវណ្ណាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ៨,ឈ្មោះអឿន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ និង៩-គឺរូបខ្លួន។ លុះដល់ម៉ោង០៩និង៤០នាទីយប់រូបខ្លួននិងបក្សពួកបាននាំគ្នាទៅអង្គុយលេងនៅខាងមុខវត្តស្វាយផ្អែម ស្ថិតក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ ។
បន្ដិចក្រោយមក ស្រាប់តែមានក្មេងស្ទាវមួយក្រុមមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូចំនួន០៥គ្រឿងមកពីទិសខាងលិច និងបានគប់ដុំថ្មមកលើរូបខ្លួននិងបក្សពួក។ ភ្លាមនោះក្រុមខ្លួនបានយកដុំថ្មនៅក្បែរនោះគប់ទៅលើក្រុមនោះវិញ ជាច្រើនដុំថ្ម ពេលអស់ដុំថ្ម ខ្លួននិងបក្សពួកចំនួន០៣នាក់ គឺ១-ឈ្មោះអឿន វិបុល ២-ឈ្មោះអែម ជីវ័ន្ដ និង៣-គឺរូបខ្លួនបានជិះម៉ូតូរត់មកទិសខាងលិច ហើយបក្សពួកម្ខាងទៀតដេញពួកខ្លួនដល់ចំណុចភូមិក្រោលគោ ឃុំក្រោលគោ រូបខ្លួននិងបក្សពួកបានជិះចូលក្នុងផ្ទះប្រជាពលរដ្ឋតែម្ដង ។
ក្រោយពីបានស្ដាប់ការបំភ្លឺពីក្រុមក្មេងទំនើងទាំង០៣នាក់រួចមក សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវនិងឃាត់បានបក្សពួកក្មេងទំនើងចំនួន២នាក់ទៀតគឺឈ្មោះ វន់ ចាន់វៀតនិងឈ្មោះសេង ចាន់រ៉ា ។ លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទីកម្លាំងជំនាញស្រុកសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអង្គ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គតាសូ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនស ឃាត់បានបក្សពួកក្រុមក្មេងទំនើងចំនួន០៥នាក់ទៀត គឺ១-ឈ្មោះជិន សុវណ្ណាត (មុខសញ្ញាកាន់កាំបិតផ្គាក់) ២-ឈ្មោះជុំ ភូ (បក្សពួកឈ្មោះជិន សុវណ្ណាត មានកាំបិតប៉័ងតោ) ៣-ឈ្មោះស៊ីម ពលៈ ៤,ឈ្មោះសឿង វី និង៥,ឈ្មោះ ក្រូច ពៅ ។ សរុបឃាត់ក្រុមក្មេងទំនើងបាន១០នាក់។
ចំណែកសម្ភារវត្ថុតាងដកហូតរួមមាន ៖ម៉ូតូចំនួន០៥គ្រឿង, កាំបិតផ្គាក់ចំនួន០១, កាំបិតប៉័ងតោចំនួន០១,ទូរស័ព្ចចំនួន០៤គ្រឿង, ដុំថ្មចំនួន០៥ដុំ៕
ដោយ៖ សុថាន