ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឲ្យបានម៉ឺងម៉ាត់ដើម្បីបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធខ្ពស់។ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈហាក់បីដូចជាកម្រើកឡើងវិញ បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ជាក់ស្ដែងនៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។
ជាមួយគ្នានេះ នៅយប់ថ្ងៃទី២៧ ខែឧសភានេះដែរ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យសម្បត្តិ ជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកងដែលមានចំនួន៧សង្កាត់។
ដោយឡែកលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះថា៖ ក្នុងរយៈពេល០៤ថ្ងៃមកនេះ កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា ថ្លែងបន្តថា គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និងជាការឆ្លើយតបបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ខែឆ្នាំដដែល សមត្ថកិច្ចបានបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និងបានឃាត់ក្មេងទំនើងជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ពីក្រុមក្មេងទំនើងខាងលើ ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើនគ្រឿងផងដែរ ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សាដោយការកាប់ចាក់គ្នាទៅវិញទៅមក និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយធ្វើដំណើរដោយខុសច្បាប់គ្មានការអនុញ្ញាត្តិ៕
ដោយ៖ តារា