ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ បន្តចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឲ្យបានម៉ឺងម៉ាត់ដើម្បីបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធខ្ពស់។​ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈហាក់បីដូចជាកម្រើកឡើងវិញ បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ជាក់ស្ដែង​នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យាសម្បត្តិជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។

ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យ សមាសភាពក្មេងទំនើងក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ពិនិត្យមធ្យោបាយសង្ស័យ កន្លែងប្រមូលម្តុំផ្សេងៗ និងជាសប្បាយភាពដូចជា គោលដៅសួនវត្តបទុមវត្តី បឹងកក់។ល។

ជាមួយគ្នានេះ​ នៅយប់ថ្ងៃទី២៧ ខែឧសភានេះដែរ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបានធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបង្កខូចខាតទ្រព្យសម្បត្តិ ជនរងគ្រោះ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកងដែលមានចំនួន៧សង្កាត់។

ដោយឡែក​លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងរយៈពេល០៤ថ្ងៃ​មកនេះ​ កម្លាំងនគរបាលក្នុង​រាជធានី​ភ្នំពេញ​ បានធ្វើការបង្ក្រាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ហើយ​ក៏បាន​បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ថ្លែង​បន្តថា​ ​គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និង​ជាការឆ្លើយតបបទបញ្ជា​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ​ខែឆ្នាំដដែល សមត្ថកិច្ច​បានបង្ក្រាប​បានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និង​បានឃាត់ក្មេងទំនើង​ជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ​ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស ​មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ​ពីក្រុមក្មេងទំនើងខាងលើ ​ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើន​គ្រឿងផងដែរ ។

អ្នកនាំពាក្យរូបនេះ​ បានបន្ថែមទៀតថា​ ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សា​ដោយការ​កាប់ចាក់គ្នាទៅវិញទៅមក ​និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយ​ធ្វើដំណើរ​ដោយ​ខុសច្បាប់​គ្មាន​ការអនុញ្ញាត្តិ៕

ដោយ​៖ តារា​


ចែករំលែក៖