ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ មានប្រសាសន៍ថា កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន។ នេះបើយោងតាមការឱ្យដឹង បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន ជួបសន្ទនាតាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកប្រធានសភាអ៊ុយក្រែន បានថ្លែងអំណរគុណសម្តេច ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ និងចូលរួមដល់កិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។ សម្តេចតេជោ បានសម្ដែងនូវក្តីរីករាយដែលបានជួបឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខសេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្មការបំផ្លិចបំផ្លាញ ដែលបានកើតមានអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ។ សម្តេចតេជោបានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរងគ្រោះ។ សម្តេចតេជោ បានរម្លឹកពីការជួបតាមទូរស័ព្ទចំនួន ២ ដងជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរផងដែរ ។ សម្តេចតេជោ បានស្នើសុំ លោក ប្រធានសភា ពាំនាំនូវការគោរព និង ការផ្តាំសួរសុខទុក្ខ លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី។
លោក Ruslan Stefanchuk បានអរគុណសម្តេចតេជោចំពោះ ពាក្យពេចន៍ប្រកបដោយសមានចិត្ត និងកក់ក្តៅ ដល់ប្រជាជនអ៊ុយក្រែន និង បានបញ្ជាក់ថានឹងពាំនាំ ការសួរសុខទុក្ខ របស់សម្តេច ដល់ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី។ លោកប្រធានសភា បានលើកឡើងនូវប្រធានបទបី ជូនសម្តេចតេជោ ដែលក្នុងនោះ ៖
ទី១. ប្រទេសអ៊ុយក្រែនបានលើករូបមន្ត១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និង អំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន លោកបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី អាចចូលក្នុងកិច្ចប្រជុំកំពូល នេះ ដែលមានសារៈសំខាន់ណាស់សម្រាប់ អ៊ុយក្រែន និងពិភពលោក។
ទី២. ការដោះមីន នៅ អ៊ុយក្រែនសំខាន់ណាស់ កម្ពុជា មានបទពិសោធន៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ខាងដោះមីន និង ឯកឧត្តម សុំការគាំទ្ររបស់សម្តេច និង ទន្ទឹងរងចាំ កម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែន។
ទី៣. នៅក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន លោកប្រធានសភា សុំអញ្ជើញសម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និង សុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជានិងសភាអ៊ុយក្រែន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា រីឯ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច ។ សម្តេចតេជោកត់សម្គាល់ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។ សម្តេចតេជោ បានជម្រាប ឯកឧត្តមប្រធានសភាថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ឯកឧត្តម បានស្នើឱ្យមានអ្នកដោះមីនកម្ពុជានៅអ៊ុយក្រែន។ សម្តេចតេជោមានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងដោះមីន ក្រៅឆ័ត្រអង្គការសហប្រជាជាតិ។ សម្តេចតេជោបន្ថែមថា កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន ។ ចំពោះការអញ្ជើញសម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោបានបញ្ជាក់ថាសម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕
ដោយ៖ សិលា