ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូទាក់ដៃជាមួយឡំប្រឺតាដួលទៅលើថ្នល់ត្រូវរថយន្តក្រុងមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់កិនបណ្តាលឱ្យរបួសបាក់ដៃជេីង ត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សារិន ថារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបាក់ជើងបាក់ដៃ មានទីលំនៅភូមិក្បាលកោះខាងលើ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូស្កូបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល1AN-0909 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជេីងទៅត្បូង ហេីយបានបើកវ៉ាជែងឡំប្រឺតាមួយគ្រឿងក៏ទាក់ដៃចង្កូតធ្វេីឱ្យដួលទៅលើថ្នល់ស្របពេលរថយន្តក្រុងដឹកអ្នកដំណេីរ ពណ៌លឿង ពាក់ស្លាកលេខរដ្ឋ37 -3-0179 មកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅកិនបណ្តាលឱ្យរងរបួសបាក់ដៃ និងជេីង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ