ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតចម្រៀងជាពួកអន្តរជាតិ លើកទីមួយផ្តើមបើកដំណើរការនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ  ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្ប: នៅសាលសន្និសីទចតុម្មុខ។ ការប្រឡងនេះ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ ហើយព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ គឺបានរៀបចំឡើងដោយ INTERKULTUR ជាស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ។ 

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងព្រឹត្តិការណ៍ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ និងការប្រគំតន្ត្រីមិត្តភាពនៅរាជធានីភ្នំពេញនេះគឺមានការប្រមូលផ្តុំនិងបង្ហាញក្រុមចម្រៀងជាពួក ចំនួនប្រាំពីរក្រុម មកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ និងបង្ហាញការចែករំលែកដោយអបអរសាទរវប្បធម៌នៃប្រទេសនីមួយៗរៀងៗខ្លួន បង្ហាញនូវសោភ័ណភាព ទេពកោសល្យ គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តន្ត្រី  គឺជាភាសាកលគ្មានព្រំដែន និងអនុញ្ញាតឱ្យវប្បធម៌មានការផ្លាស់ប្តូរគ្នា។ តន្ត្រី មានឥទ្ធិពលខ្លាំងក្លា ក្នុងការប្រមូលផ្តុំមនុស្សមកពីគ្រប់ទីកន្លែងនៃពិភពលោក។ ក្នុងឱកាសនេះ យើងអបអរសាទរពហុភាពតន្ត្រី និងវប្បធម៌ ហើយកម្ពុជាមានកិត្តិយសក្នុងការស្វាគមន៍វត្តមានភ្ញៀវកិត្តិយសទាំងអស់គ្នា ដើម្បីចែករំលែកចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់លោក លោកស្រីជាមួយនឹងយើងទាំងអស់គ្នា។

 លើសពីនេះទៅទៀត ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ នេះ គឺបានគាំទ្រ គោលដៅអភិវឌ្ឍន៍និរន្តរភាព (SDG) ប្រកបដោយមោទកភាព ជាមួយនឹងការឧបត្ថម្ភគាំទ្រពី គោលដៅសហសវត្ស៖ ជំហានកាបូន (Millennium Destinations: The Carbon Footprint), គម្រោងគាំទ្របរិស្ថានកម្ពុជានៃក្រសួងបរិស្ថាន ការប្រមូលផ្លាស្ទិច និងឥណទានផ្លាស្ទិចវិញ្ញាបនបត្រនៃក្រុមហ៊ុន Tontoton, អង្គការទឹកស្អាត ១០០១ “ទឹកតាមសាលារៀន,” និងកម្មវិធី SIPAR “បណ្ណាល័យចល័ត”៕

ដោយ ៖ សិលា


ចែករំលែក៖