ព័ត៌មានទាន់ហេតុការណ៍៖

បិទសមយុទ្ធនាគមាសលើកទី៦ រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤ សមយុទ្ធនាគមាស ឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» រយៈពេល២សប្តាហ៍ បានបិទបញ្ចប់ហើយ។ ពិធីបិទធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ដាសេនានុព័ន្ធ អនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រុមអ្នកសង្កេតការណ៍បណ្ដាប្រទេសអាស៊ាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិផងដែរ។

សមយុទ្ធនាគមាស ឆ្នាំ២០២៤ បានហ្វឹកហាត់ និងសាកល្បងរួមគ្នារវាងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងទ័ពរំដោះប្រជាជនចិនរយៈពេល ១៣ថ្ងៃមកហើយ (ពីថ្ងៃទី១៦-២៩ ខែឧសភា ឆ្នាំ២០២៤) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខណៈដែល សមយុទ្ធនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ បានបិទបញ្ចប់ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤។

សមយុទ្ធរបស់កងទ័ពកម្ពុជា និងចិនឆ្នាំ២០២៤នេះ មានកងកម្លាំងចូលរួមសរុបជាង ២ពាន់ នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ១,៣១៥នាក់ កងទ័ពរំដោះ ប្រជាជនចិន ៧៦០នាក់ អមដោយសព្វាវុធទំនើបៗ មានរថយន្តប្រយុទ្ធ រថពាសដែក ដែលបំពាក់សព្វាវុធ កម្រិតធ្ងន់ផងដែរ។ បន្ថែមពីលើនោះ ការធ្វើសមយុទ្ធនៅឆ្នាំនេះ ក៏មានលាយបញ្ចូលជាមួយប្រព័ន្ធបច្ចេកវិទ្យាមានដូចជាដ្រូនបំពាក់អាវុធ និងឆ្កែរ៉ូបូតបំពាក់អាវុធ ជាជំនួយក្នុងប្រតិបត្តិការ។

ពាក់ព័ន្ធជាមួយនឹងខ្លឹមសារសមយុទ្ធនាគមាស ឆ្នាំ២០២៤នេះ មានដូចជា៖ ការហ្វឹកហាត់ទីបញ្ជាការដែលផ្តោតទៅលើការសិក្សារៀនសូត្រទ្រឹស្ដី ការសិក្សាការធ្វើផែនការប្រតិបត្តិការប្រយុទ្ធ ការហាត់សមបញ្ជាតាមដំណាក់កាល សេណារីយោ ការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌ ការរៀបចំកិច្ចពិគ្រោះពិភាក្សាស្ដីពីប្រតិបត្តិការប្រឆាំងភេរវកម្មតំបន់ភ្នំ ប្រតិបត្តិការការប្រឆាំងការចាប់ ជម្រិតលើសមុទ្រ និងប្រតិបត្តិការរួមគ្នារុករកសង្គ្រោះលើសមុទ្រ។

ចំពោះលំហាត់លើទីលាន គឺមានសមយុទ្ធលើគោក ត្រូវហ្វឹកហាត់ជំនាញមូលដ្ឋាន (ការហាត់រៀនទ្រឹស្តី ការអនុវត្តជាក់ស្ដែង និងការបែងចែកជាក្រុមហ្វឹកហាត់) ការប្រើប្រាស់បរិក្ខារគ្មានមនុស្សបើក (Drone and Robot Dog) ការអនុវត្តប្រើប្រាស់កាំភ្លើងធំ ការអនុវត្តការប្រើប្រាស់អាវុធធុនស្រាល (បូករួមការបាញ់គ្រាប់ពិត) ការជួយសង្គ្រោះលើសមរភូមិ ការហ្វឹកហាត់រួមគ្នា និងការហ្វឹកហាត់រួមត្រៀមសម្តែងសមយុទ្ធ។

សមយុទ្ធកងទ័ពជើងទឹកលើកដំបូង បានធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើផ្ទៃ សមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ធ្វើឡើងដើម្បីផ្លាស់ ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។

សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» លើក ដំបូងរវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើងរយៈពេល ១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ដោយមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះកងទ័ពទាំងពីរ បានប្រើប្រាស់នាវាចំនួន១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវា ដឹកទំនិញ ៕

ដោយ៖ សូរិយា


ចែករំលែក៖