ខេត្តស្វាយរៀង៖ កម្មករម្នាក់ត្រូវខ្សែភ្លើងឆក់ហើយត្រូវបានសន្តិសុខបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពបាវិត ប៉ុន្តែជាអកុសលបានស្លាប់គួរអោយសង្វេគ។
ហេតុការណ៍នេះបានកើតឡើងក្នុងបរិវេណក្រុមហ៊ុនញ៉ូវីននឺសទាន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនិងសមត្ថកិច្ចមូលដ្ឋាននៅក្រុងបាវិត កាលពីវេលាម៉ោង១០:១០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងបរិវេណក្រុមហ៊ុនញ៉ូវីននឺសទាន ស្ថិតក្នុងភូមិភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេ្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤នេះថា ជនរងគ្រោះមានឈ្មោះ នាង ស៊ីណេត ជនជាតិខ្មែរ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែកខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងឃ្លាំងដាក់អីវ៉ាន់ ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីបានទទួលព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី សមាជិកគណ:កម្មការកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង បានចុះធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព។
ជាលទ្ធផលនៃការពិនិត្យនិងវាយតម្លៃសាកសព៖ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ ការស្ដាប់ចម្លើយសាក្សីបំភ្លឺ គ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចជំនាញយើងអាចវាយតម្លៃបានថា៖ ការស្លាប់នេះពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ គឺស្លាប់ដោយសារចរន្តអគ្គិសនីឆក់។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែង៕
ដោយ៖ សុថាន