ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចុះខ្យោយក្រោយបាត់បង់តំបន់ជាច្រើន

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រង់លើផ្ទៃដីទ្រង់ទ្រាយធំនៅតាមតំបន់ព្រំដែនជាប់ប្រទេសជិតខាង។ ខណៈដែលកម្លាំងចលនាប្រឆាំងបានពង្រីកទីតាំងគ្រប់គ្រង។

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤បានផ្សាយថា របាយការណ៍វាយតម្លៃលើស្ថានភាពជម្លោះបង្ហាញថា កងកម្លាំងយោធានៃរបបសឹកមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងទឹកដីយ៉ាងសន្ធឹកសន្ធាប់ រួមទាំងច្រកព្រំដែនអន្តរជាតិផងដែរ ដែលអនុញ្ញាតឱ្យក្រុមចលនាតស៊ូប្រដាប់អាវុធពង្រីកនិងពង្រឹងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។
បាតុកម្មតាមដងផ្លូវដែលទទួលរងការបង្ក្រាបយ៉ាងសាហាវបានក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធ រួមបញ្ចូលគ្នាជាមួយកងកម្លាំងជនជាតិភាគតិចជាច្រើនក្រុមនៅមីយ៉ាន់ម៉ា ហើយកំពុងបង្កជាបញ្ហាប្រឈមធំចំពោះរបបសឹក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
បើតាមក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) របបសឹក លែងគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាពទៀតហើយ ដោយបានបាត់បង់សិទ្ធិអំណាចពេញលេញ លើទីប្រជុំជនដែលគ្របដណ្តប់ ៨៦ភាគរយ នៃទឹកដីរបស់ប្រទេសទាំងមូល និងដែលមានប្រជាជនរស់នៅ ៦៧ភាគរយនៃចំនួនប្រជាជនសរុប។
ដោយឡែក បើតាមរបាយការណ៍ពី Non-profit Crisis Group ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានទទួលជ័យជំនះ ផ្នែកយោធាច្រើន កំពុងពង្រឹងការគ្រប់គ្រងទឹកដីកំណើតរបស់ពួកគេ ហើយអាចឈានទៅបង្កើតរដ្ឋស្វ័យភាព។ ការបាត់បង់ចំណែក គ្រប់គ្រងទឹកដីភាគច្រើន និងការខកចិត្តក្នុងចំណោមឥស្សរជន នៅក្នុងរដ្ឋធានីណៃពិដោ (Naypyidaw) កំពុងធ្វើឱ្យអនាគតរបស់ មេដឹកនាំនៃរបបសឹក លោក Min Aung Hlaing ស្ថិតក្នុងភាពស្រពិចស្រពិល។
ប្រទេសអាស៊ានដែលមានប្រជាជនចំនួន ៥៥លាននាក់មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១មក នៅពេលដែលយោធា បានធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី។ ជុំវិញរបាយការណ៍ខាងលើ អ្នកនាំពាក្យនៃរបបសឹកយោធា មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖