ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីម្សិលមិញនេះ។
លោកអ្នកនាំពាក្យ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៦៨នាក់នោះ មាន ៦៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៧ករណី និងជនសង្ស័យ ០៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ០៤ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖តារា