ខេត្តកំពត៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។
ក្នុងពិធីសម្ពោធនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ និយាយដោយឡែក ដែលបានលេច ចេញជារូបរាងឡើងស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែ នៅកម្ពុជា។
បន្ថែមពីនេះ កំពង់ផែនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេស ក្នុងការចូលរួមវិនិយោគ អភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ។
ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះមួយ នៅក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដទៃទៀត ដូចជា ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ៕
ដោយ៖ តារា