ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត អ្នកឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ បុគ្គលិក និយោជិត កម្មករ កម្មការិនី កំពង់ផែពហុបំណងកំពត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រីបានធ្វើការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈដ៏មុតមាំ និងត្រៀមលក្ខណៈរួចរាល់ចូលរួមអនុវត្តគម្រោងព្រែកជីកហ៊្វូណនតេជោ ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់នូវកំពង់ផែពហុបំណងកំពត ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងវិស័យកំពង់ផែ និងជាកំពង់ផែទី១ ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់បន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកគ្រប់គ្រងកំពង់ផែឯកជន និងក្រុមហ៊ុនកំពតផតដែលបានជឿជាក់បោះទុនវិនិយោគអភិវឌ្ឍវិស័យកំពង់ផែ ដោយបានគាំទ្រដល់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យមានការអភិវឌ្ឍរីកចម្រើនដែលនឹងរួមចំណែកឈានទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីគម្រោងព្រែកជីកហ៊្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រទីមួយនៅក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងពិភពលោក បានចូលរួមបង្ហាញជំហរគាំទ្រគម្រោងដើម្បីប្រយោជន៍ជាតិមួយនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងត្រូវបានការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំដល់ក្រសួង-ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបន្តផ្ដល់កិច្ចសហការនិងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែពហុបំណងកំពតនេះ ប្រព្រឹត្តទៅដោយរលូននិងមានការគាំទ្រពីអតិថិជនប្រើប្រាស់សេវាកម្ម ដើម្បីឈានទៅពង្រីកសមត្ថភាព និងអភិវឌ្ឍកំពង់ផែក្នុងដំណាក់កាលទី២ និងទី៣ ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តវិនិយោគលើការបង្កើនសមត្ថភាព និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួល និងជម្រើសសេវាកម្មជាច្រើនផ្សេងទៀតដល់អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់កំពង់ផែពហុបំណងកំពតនេះ៕
ដោយ ៖ សិលា