ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យបានដាច់ខាតដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានជោគជ័យ។ ឯកឧត្តម បានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ងួន រតនៈ បានបន្ថែមទៀតថា ៖ សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់គួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សាធារណជន គ្រប់គ្រឹះស្ថានសិក្សា មាតាបិតាអាណាព្យាបាលទាំងអស់ សូមចូលរួមក្នុងការអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស បុត្រធីតា របស់ខ្លួន ឱ្យបានល្អ មានសុជីវធម៌ ចរិយាសម្បត្តិសមរម្យ ថ្លៃថ្នូរ ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី ជាសសរទ្រូងនៃប្រទេសជាតិ។

ក្រៅពីសកម្មភាពក្មេងទំនើង លោក ងួន រតនៈ បានក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយគណៈបញ្ជាការរដ្ឋបាលក្រុងស្រុក ចូលរួមបង្ក្រាប និងទប់ស្តាត់នូវបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង បទល្មើសគ្រឿងញៀន និងជម្រុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕

ដោយ ៖ សិលា


ចែករំលែក៖