ព័ត៌មានទាន់ហេតុការណ៍៖

តារា៣ដួងចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមផេកផ្លូវការក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ៖ យ៉ាងហោចណាស់ ក៏មានតារា៣ដួងដែលផ្សព្វផ្សាយ ពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ក្នុងនោះរួមមាន ៖ 

១-តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយ ពាក់មី។

២-តារាសម្តែង និង ជា ពិធីការិនី គង់ ចាន់ ស្រីមុំ ។

៣-តារាចម្រៀងនិង ជា ពិធីការិនី សុភ័ក្រ កុសុម៉ា។

តារាទាំង៣ដួងនេះបាននាំគ្នាចូលរួមផ្សព្វផ្សាយ ក្នុងគោលដៅស្វែងរកថវិកាដើម្បីចូលរួមក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” សម្រាប់ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាដែលចំណាយពី៣០ទៅ៤០លានដុល្លារក្នុង១ឆ្នាំៗ។

នេះជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានជួយព្យាបាលកុមារក្រីក្រកម្ពុជាដោយឥតគិតកម្រៃ។

ក្រៅពីមានការចូលរួមជួយផ្សព្វផ្សាយពីសំណាក់តារាទាំង៣ដួងខាងលើហើយនោះក៏មានចលនាដោយឡែកមួយទៀត ចុះចែកខិតបណ្ណអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ចំនួន ២ម៉ឺន ៧ពាន់សន្លឹក ជូនសាធារណជន នៅតាមបណ្ដាផ្សារទំនើបចំនួន៣ នៅរាជធានីភ្នំពេញ រួមមានផ្សារទំនើប ជីបម៉ុង Chip Mong Malls , អ៊ីអន AEON MALL Phnom Penh , និង ឡាក់គី Lucky Supermarket ។

សូមបញ្ជាក់ជូនថា ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។

បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជាមក គិតមកដល់ម៉ោង ៥:០០ ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងនេះ មានសប្បុរសជនចំនួន ៩៩.៩៦៥ នាក់បានមកបរិច្ចាគ ដោយទទួលបានថវិកាសរុបជាចំនួន ១.១៦៤.០៤៧ ដុល្លារអាម៉េរិក។

សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ, ត្រូវស្កែន QR Code ដូចមានក្នុងរូបខាងក្រោម រឺតាមរយៈលេខគណនីធនាគារ អេស៊ីលីដា ជាប្រាក់រៀល៖ 0001-0341273813 និងគណនីធនាគារ អេស៊ីលីដា ជាប្រាក់ដុល្លារ៖ 0001-0341273824 ក៏បាន ៕

ដោយ ៖ សិលា


ចែករំលែក៖