ខេត្តសៀមរាប ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតឧបត្ថម្ភដល់កងកម្លាំងនៅទិសយោធភូមិភាគទី៤។
ពិធីសំណេះសំណាលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានការចូលរួមអមដំណើរពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចគតិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ញើជូនកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់នាយទាហាន ពលទាហាន កងកម្លាំងអាវុធហត្ថ កងនរគបាលជាតិ នៅទិសយោធភូមិភាគទី៤ក្នុងបុព្វហេតុការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ធ្នាប់សង្គម។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ធ្ងន់ថា សន្តិភាពដែលយើងមានគឺទទួលបានដោយសារមានការលះបង់អាយុជីវិតរបស់ថ្នាក់ដឹកនាំ និងជោគជ័យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកការអភិវឌ្ឍប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខដុមរមនា។ ដូច្នេះ យើងគ្រប់គ្នាត្រូវថែរក្សាសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងថា ក្រៅពីតួនាទីស្នូលជាកងទ័ពយោធិនគ្រប់រូបត្រូវចូលរួមការកែទម្រង់កងយោធពលខេមរភូមិន្ទបានស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ថែមទាំងចូលរួមបង្ក្រាបបទល្មើសផ្សេងៗ មានជាអាទិ៍បទល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សជាដើម។
ពាក់ព័ន្ធជាមួយបទល្មើសកាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធយោធភូមិភាគ អនុវត្តឱ្យបានដាច់ខាតបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការពារព្រៃឈើនៅតំបន់អភិរក្សទូទាំងប្រទេសឱ្យខាងតែបាន និងបានប្រគល់ភារកិច្ចសំខាន់៣ចំណុចឱ្យកម្លាំងយោធភូមិភាគទី៤៖ ទី១ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ទី២ត្រូវរុករកបទល្មើសភ្លាមនៅកន្លែងដែលសង្ស័យ ទី៣ត្រូវធ្វើការហ្វឹកហ្វឺនដល់យោធិន និងចុះអនុវត្តនៅតាមភូមិសាស្ត្រជាក់ស្ដែង៕
ដោយ ៖ សិលា