ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ចំពោះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ក្នុងពេលមានភ្លៀងធ្លាក់ជោកជាំ មានការយោគយល់ផង !

ចែករំលែក៖

ខេត្តកោះកុង ៖ សូមមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ក្នុងពេលមានភ្លៀងធ្លាក់ជោកជាំ ដោយសារកំណាត់ផ្លូវខ្លះកំពុងឈូសឆាយ ជាពិសេសចំណោតតាប៉ុនចម្លោះPK140+300-140+800 តែងបែកភក់ និងមានស្ថានភាពរអិលពិបាកធ្វើដំណើរ។ នេះជាការលើកឡើងពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុតដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ 

លោក ផន រឹម បន្តថា ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញដល់ក្រុមការងារស្ថាបនាផ្លូវជាតិលេខ៤៨ ឱ្យយកចិត្តទុកដាក់ ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យការធ្វើចរាចរណ៍បានរលូន និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុជាមួយ។

គួរបញ្ជាក់ថា ៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាព ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ៕

ដោយ ៖ សិលា


ចែករំលែក៖