ព័ត៌មានទាន់ហេតុការណ៍៖

Update! ម៉ូតូគ្មានឯកសារ៤០គ្រឿង លើកដាក់លើរថយន្តចេញពីខេត្តពោធិ៍សាត់ទៅបន្តនីតិវិធីនៅស្នាក់ការគយចល័តតំបន់៤

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្ដីរាយការណ៍ពីកម្លាំងចុះប្រតិបត្តិការបង្ហើបឱ្យដឹងនាព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ម៉ូតូគ្មានឯកសារចំនួន៤០គ្រឿងត្រូវបានលើកឡើងលើរថយន្តនៅកណ្ដាលក្រុងពោធិ៍សាត់ ដឹកជញ្ជូនទៅបន្តនីតិវិធីនៅទីស្នាក់ការគយចល័តនៅតំបន់៤។

ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា កាលពីម្សិលមិញគេឃើញមន្ត្រីគយចល័ត រួមសហការដោយកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការត្រួតពិនិត្យនិងបង្រ្កាបតាមទីតាំងទិញលក់ម៉ូតូ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងខេត្តពោធិ៍សាត់ ពេញ១ថ្ងៃ ។

ប្រភពបញ្ជាក់ទៀតថា ករណីមន្ត្រីគយចល័តសហការចុះពិនិត្យនិងបង្ក្រាបឈានដល់ធ្វើការដកហូតម៉ូតូជាច្រើនគ្រឿងខាងលើ អ្នកសារព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)ពុំអាចស្វែងរកព័ត៌មានលម្អិតបានទេ ដោយសារគ្មានលេខទូរស័ព្ទក្រុមមន្រ្តីចុះអនុវត្ត។ ចំណែកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន(នគរបាលក្រុងពោធិ៍សាត់)រហូតមកដល់វេលាកណ្តាលថ្ងៃត្រង់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ លោក អធិការ បញ្ជាក់ថា មិនទាន់មានចំនួន និងរបាយការណ៍ច្បាស់លាស់នៅឡើយនោះទេ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖