ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែងឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ឱ្យមកជាមន្ដ្រី

ចែករំលែក៖

ភ្នំពេញ ៖ សម័យ វះ កាត់ នៅទីបំផុត ! សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចដក ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ត្រី។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា ៖ ក្រសួងមហាផ្ទៃ កោះអញ្ជើញ ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ មកបំភ្លឺភ្លាមៗជុំវិញករណីប្រមូលយកថវិកាក្នុងមួយឃុំ ១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ 

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវករណីនឹងជាបន្ទាន់។

ដោយទទួលបានគោលការណ៍នេះលោកអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ បានចាត់ក្រុមការងារកោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ មកបំភ្លឺភ្លាមៗនៅអគ្គាធិការដ្ឋាន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក បណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់ទៀតថា ជាលទ្ធផលក្រោយការបំភ្លឺលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ថា លោកពិតជាបានដឹកនាំក្រុមការងារ ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។

ជានីតិវិធីបន្តក្រសួងមហាផ្ទៃ បានពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។

លោក ទូច សុខៈ បានអះអាងទៀតថា ក្រសួងមហាផ្ទៃសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិពិតជាមានសារៈសំខាន់ណាស់។

នៅទីបំផុត ! សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចដក ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ត្រី ៕

ដោយ ៖ សិលា


ចែករំលែក៖