ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជន កម្ពុជា និងវៀតណាមត្រូវចងចាំឱ្យបានច្បាស់លាស់គឺ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងការកសាងអភិវឌ្ឍប្រទេសឡើងវិញ ។

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី ៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំកោះថ្ម ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ 

ការប្រារព្ធខួបលើកទី ៤៧ នេះ គឺក្នុងស្មារតីចងចាំជានិច្ច និងរំលឹកអំពីគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ។

មានប្រសាសន៍ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រច្បាស់លាស់ គឺជាកត្តាចម្បងសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ដូចដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកជារឿយៗថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងការកសាងអភិវឌ្ឍប្រទេស។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជននៃប្រទេសទាំងពីរត្រូវចងចាំឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រលំ តាមរយៈការបកស្រាយណាមួយដែលពុំមានមូលដ្ឋានប្រវត្តិសាស្ត្រច្បាស់លាស់។

សម្តេចធិបតី ក៏បានបន្តទៀតផងដែរថា សច្ចភាពប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកនៅក្នុងទំព័រ ប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់ កាលធំៗចំនួន ៣ មានជាអាទិ៍៖

ដំណាក់កាលទី ១ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧, ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរើបម្រះពីរបបដឹកនាំ របស់ប៉ុល ពត ។ ចលនានេះ មានសម្តេចតេជោផ្ទាល់ និង យុទ្ធមិត្តតិចតួចប៉ុណ្ណោះ ដោយចេញពីតំបន់ កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះ ប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។

ដំណាក់កាលទី ២ គឺជាដំណាក់កាលនៃការការពារ ស្តារ និង កសាងប្រទេសជាតិឡើងវិញ ចេញពី ចំណុចសូន្យ, ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត, ហើយដៃម្ខាងទៀត ខិតខំកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “ ២៣ តុលា ១៩៩១ ” និង ឈានដល់ការដាក់ចេញ នូវនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងនាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដី ពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ ឆ្នាំកន្លងទៅ។

ដំណាក់កាលទី ៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការ ប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌, ពោលគឺជាដំណាក់កាលថែរក្សានិង ការពារសន្តិភាព ដែលជាបុព្វបទ នៃ ការអភិវឌ្ឍប្រទេសជាតិ និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាអតីតនាយករដ្ឋមន្ត្រី ដែលបានចង្អុលបង្ហាញឱ្យកសាងតំបន់ប្រវត្តិសាស្ត្រនេះចេញជារូបរាង ក្រោមការខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ អតីតប្រធានគណៈកម្មការសាងសង់ វិមានឈ្នះ-ឈ្នះ និងការគាំទ្រពីសំណាក់ ឯកឧត្តម ជា សុផារ៉ា អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយការយកចិត្តទុកដាក់អភិវឌ្ឍប្រកបដោយភាពទទួលខុសត្រូវរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រជាជន និងសប្បុរសជនជាតិ-អន្តរជាតិ ដែលតែងតែជួយគាំទ្រទៅតាមសមត្ថកិច្ចរៀងៗខ្លួន ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានអរគុណចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រ ដល់ការកសាងសមិទ្ធផលនានា សំដៅប្រែក្លាយតំបន់សមរភូមិទៅជាតំបន់ប្រវត្តិសាស្ត្រ និងទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

ដោយ​៖ តារា​


ចែករំលែក៖