ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូសលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតទាំងរថយន្ត ក៏ដូច ជាក្បាលថ្មពុះចែកទ្រូងផ្លូវ ។
ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលា ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ ទល់មុខអតីត ឧកញ៉ាថៃប៊ុនរ៉ុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BW.5717 ធ្វើដំណើរតាមផ្លូវ ២១៧ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខណៈមេឃកំពុងភ្លៀង ក៏ស្រាប់តែរថយន្តជ្រុលទៅបុកជាមួយនឹងក្បាលថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ដែលធ្វើឲ្យរថយន្ត រងការខូចខាតខ្ទេចស្រុញផ្នែកខាងមុខ នឹងធ្វើឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាត ទ្រង់ទ្រាយដើមខូចខាតអស់ចំនួនពីរកង់តែក្នុងហេតុការណ៍នេះសំណាងល្អគឺមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ។ ហើយភ្លាមនោះអ្នកបើកបរបានបញ្ជាក់ដែរថាដោយសារតែរូបគាត់មើលផ្លូវអត់ច្បាស់ ហើយទ្រូងផ្លូវអត់មានចំណាំងផ្លាតទេីបធ្វើឲ្យរថយន្តរបស់គាត់ជ្រុលទៅបុកបែបនេះ ។
ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត ៕
ដោយ៖ សុខាសែនជ័យ