កូរ៉េខាងត្បូង៖ ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានានៃវេទិកាសាធារណៈ និងពិធីប្រគល់ពាន រង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ ប្រតិភូរបស់ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានទទួលជួបជាមួយក្នុងជំនួបទ្វេភាគីជាមួយលោក Ulvi Mehdiyev ប្រធានទីភ្នាក់ងារជាតិសម្រាប់កិច្ចការសេវាសាធារណៈ និងនវានុវត្តន៍សង្គម របស់សាធារណរដ្ឋអាស៊ែបៃសង់។
ក្នុងជំនួបនេះថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានចែករំលែកបទពិសោធក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដោយខាងភាគីអាស៊ែបៃសង់ បានចែករំលែកពីសាវតា បេសកកម្ម និងភាពជោគជ័យរបស់ ASAN Service (Azerbaijan Service and Assessment Network) ជូនដល់អង្គជំនួប។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី និងការវិវត្តនៃវិស័យមុខងារសាធារណៈរបស់កម្ពុជា ព្រមទាំងលើកទឹកចិត្តអោយមានការបន្តទំនាក់ទំនង និងកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរឆ្ពោះទៅមុខ។
បន្ថែមលើនេះ ក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ ប្រតិភូរបស់ព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៌ រួមទាំងទទួលបាននូវបដិសណ្ឋារកិច្ចពីបណ្តាប្រទេសនានា ក្នុងគោលដៅរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗឱ្យកាន់តែស្អិតរមួត។
សូមជម្រាបថា នាថ្ងៃបន្ទាប់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអញ្ជើញជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនដែលជារដ្ឋមន្ត្រី១០រូបផ្សេងទៀត ក្នុងវេទិកាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable) ការទទួលជួបទ្វេភាគីជាមួយ ភាគីនៃសាធារណរដ្ឋកូរ៉េ និងកម្មវិធីផ្លូវការផ្សេងៗទៀត៕
ដោយ៖ សូរិយា