ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតជូន លោក Chris G. Parkhurst ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ។
សូមបញ្ជាក់ថា ៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតជូន លោក Chris G. Parkhurst ផលិតករភាពយន្តឯកសាររឿង Elvis of Cambodia: កេរតំណែលរបស់លោក ស៊ិន ស៊ីសាមុត ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យបានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការចាក់បញ្ចាំងភាពយន្តឯកសាររឿង Elvis of Cambodia: The Legacy of Sinn Sisamuth នៅក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក នៅសាលសន្និសីទចតុម្មុខ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។ ជាមួយនេះ លោកស្រីបណ្ឌិតសភាចារ្យក៏បានវាយតម្លៃខ្ពស់ចំពោះស្នាដៃភាពយន្តឯកសារនេះ ដែលបានរំលឹកពីប្រវត្តិ ស្នាដៃ ទេពកោសល្យដ៏អស្ចារ្យរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ព្រមទាំងក្រុមគ្រួសាររបស់លោក ដើម្បីជាការចងចាំសម្រាប់អ្នកជំនាន់ក្រោយ។
លោក Chris G. Parkhurst បានសម្តែងនូវការអរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលគាំទ្រចំពោះការផលិតការភាពយន្តនេះកន្លងមក ហើយបានស្នើសុំការអនុញ្ញាតដើម្បីបន្តធ្វើការផ្សព្វផ្សាយភាពយន្តនេះនៅទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមទីជនបទ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចទស្សនាស្វែងយល់បន្ថែមពីប្រវត្តិ រឿងរ៉ាវ របស់លោក ស៊ិន ស៊ីសាមុត ផងដែរ ៕
ដោយ ៖ សិលា