ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបក្មេងទំនើងធ្វើយ៉ាងណាឱ្យ ភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ៖ លោក  ឃួង ស្រេង ជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបក្មេងទំនើងធ្វើយ៉ាងណាឱ្យ ភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

   លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈលោកកោះប្រជុំជាបន្ទាន់ជាមួយគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។ 

    លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរនិងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់ មិនឱ្យមានការចោល សំរាម ចោលកំទេចសំណង់នានា ចូលទៅក្នុងទន្លេ។

      លោក បានបន្តថា៖ ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ត្រូវតែបន្តបង្ក្រាបឱ្យ ខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឱ្យ ភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះអោយទទួលបានជោគជ័យ ពិសេសគឺធ្វើអោយភូមិ សង្កាត់មានសុវត្ថិភាព។ 

   លោកបានសង្កត់ធ្ងន់ថា៖ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ មិនត្រូវឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃអោយបានខ្លាំង ដើម្បីឈានទៅលុបបំបាត់អោយអស់។ ទប់ស្កាត់ការយកភាស៉ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។

     លោកបានបញ្ជាក់ថា៖ ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះអោយអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើជាគម្របបៃតងអោយបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

     លោក បានបញ្ជាក់ថា៖ ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយពិតជាទទួលបានការកោតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើអោយទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។

    លោកឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើអោយក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលុបបំបាត់បាន១០០%ហើយ៕

ដោយ ៖ សំរិត


ចែករំលែក៖