ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃពុធកន្លងមកនេះបាននិយាយថា ទីផ្សារការនាំចេញមៀនស្រស់របស់កម្ពុជាគឺប្រទេសចិន ហើយចាប់តាំងពីការនាំចេញមៀនស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ មក គឺផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន។ ព្រមជាមួយយគ្នាការកុម្មង់នាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកស្រី អុឹម រចនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមៀនឱ្យស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថិរភាពការផ្គត់ផ្គង់មៀនស្រស់ទៅកាន់ប្រទេសចិន។ ក្នុងនេះប្រជាកសិករដែលបានដាំដុះមៀនស្របតាមស្តង់ដារទីផ្សារប្រទេសចិនគឺពួកគាត់នឹងលក់បាននូវតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី។
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ដែរថា៖ ”ក្នុងការនាំចេញនេះដែរពោលគឺក្រសួងកសិកម្មជាអ្នកផលិត ចំណែកក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការមួយជំរុញដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។ តាមរយៈក្រសួងពាណិជ្ជកម្មចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបាដើម្បីលក់ផលិតផលកសិកម្មកម្ពុជាធ្វើឱ្យមានទីផ្សារកាន់តែទូលំទូលាយឡើង។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១៤ ៨០០ តោនកើនឡើង ១២០.៣៣ភាគរយ។
សូមបញ្ជាក់ថា ៖ មៀនជាប្រភេទផ្លែឈើម្យ៉ាងដែលបងប្អូនខ្មែរយើងនិយមទទួលទាន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូបឈ្ងុយ សម្បូរជាតិទឹក ហើយវាក៏ជាផ្លែឈើដែលគេតែងតែនិយមយកទៅរៀបចំដាក់សែនព្រេនផងដែរ។ ហេតុនេះហើយ ផ្លែមៀនតែងមានតម្រូវការទីផ្សារខ្ពស់ តម្លៃសមរម្យ កំពុងមានតម្រូវការទីផ្សារខ្ពស់។
សូមជម្រាបថា អ្នកមានចម្ការមៀនច្រើននិយាយថា , មៀនចាប់ផ្ដើមចេញផ្កានៅខែកញ្ញា និងអាចប្រមូលផលបណ្ដើរៗនៅខែមករា រហូតដល់ខែកុម្ភៈ ពោលគឺរដូវចូលឆ្នាំចិនផ្ទាល់តែម្ដង ហើយការថែទាំក៏មិនពិបាកអ្វីខ្លាំងនោះទេ ដោយអ្នកស្រី និងគ្រួសារត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងមិនចាំបាច់ចងសំណាញ់ខ្ចប់ផ្លែមៀននោះទេ ។
សូមញ្ជាក់ថា ៖ ៩៤%នៃកសិផលនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗ៣គឺ៖
-វៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
-ថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់
-ចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ មៀន ៕
ដោយ ៖ សិលា