ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថា ករណីទី១បានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីយប់ឈានចូលថ្ងៃទី២៣ ខែកក្តដា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដោយមាន រថយន្តម៉ាក Highlander ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២V- ២៨១៣បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរពីលិចទៅកើតមិនប្រកាន់ស្តាំក៏បុកជាមួយម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១HH-៧៩២៥ បើកបរដោយឈ្មោះ វឿន វណ្ណដេត ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិចមិនពាក់មួកសុវត្ថិភាពបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឯម៉ូតូខូចខាតធ្ងន់។
ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៥១-១៥២ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ដោយម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1J-1890 បើកបរដោយឈ្មោះម៉ឹក ឡុង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត ក៏បានបុកអ្នកបណ្តើរម៉ូតូ០១គ្រឿងម៉ាក់HON DA DREAM C125 ពាក់ស្លាកលេខភ្នំពេញ1BB-3779។ អ្នកបណ្តើរម៉ូតូ(ម៉ូតូអស់សាំង)មានឈ្មោះចាន់ ស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិគរ ឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង បណ្ដាលឱ្យរងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះហួន សុងភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្តបាត់ដំបងបណ្ដាលឱ្យរងរបួសបែកក្បាលពីខាងក្រោយ។
បច្ចុប្បន្ន អ្នករងរបួសទាំង០២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ចំពោះមធ្យោបាយទាំង០២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពី អ្នកបើកបរម៉ូតូHONDA ពាក់ស្លាកលេខស្វាយរៀង1J-1890 បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ សុថាន