ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ កក្កដា ២០២៤នេះ បានអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
សូមអានសារពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានដូចខាងក្រោម៖
-សម្តេចតេជោ ថ្លែងថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV គឺមានគំនិតផ្តួចផ្តើមដោយវៀតណាមក្នុងឆ្នាំ១៩៩៥នោះ គឺជារឿងមិនពិត ជារឿងប្រឌិតសុទ្ធសាធ ខណៈ គម្រោងនេះត្រូវបានសម្តេចអះអាងថា សម្តេចជាអ្នកផ្តើមគំនិតតែប៉ុណ្ណោះ។
-សម្តេចតេជោ ថ្លែងផ្តាំទៅ បុគ្គល ជេម សុខ ហ៊ានស្បថដែរឬទេ? ដែល បុគ្គលរស់នៅក្រៅស្រុករូបនេះ និយាយថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV វៀតណាមជាអ្នក ផ្តួចផ្តើម។ សម្តេចបានបន្ថែមថា តើបុគ្គលជេម សុខ បានឯកសារ និងភស្តុតាងមកពីណាដែលហ៊ានអះ អាងដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះ។
-សម្តេចតេជោ ថ្លែងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) ផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើនជាងឡាវ និងវៀតណាម ដោយកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤របស់កម្ពុជា ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើញកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។
-សម្តេចតេជោ ថ្លែងថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម កម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងតំបន់ត្រីកោណនេះទី១ ជម្រើសផ្នែកសេដ្ឋកិច្ចដ៍ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ ទី២ បញ្ហាសន្តិសុខ ការពារជាតិ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ការកាប់ឈើ និងចលនាប្រដាប់អាវុធពីវៀតណាមនិងឡាវ ទី៣ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាលធនធានមនុស្ស ទី៤ សហការលើការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះព្រៃនៅតាមព្រំដែន។
-សម្តេចតេជោ ថ្លែងថា ក្រោយបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)ក្នុងឆ្នាំ១៩៩៩នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈប្រជាពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះគឺបានបញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួល ហើយនោះ។
-សម្តេចតេជោ ហៅទណ្ឌិតសម រង្ស៊ី ថាអាក្បត់ជាតិសារជាថ្មី ដោយសារតែជនក្បត់ជាតិរូបនេះ មិនទាន់ទាំងបានដឹកនាំប្រទេសផងហ៊ានចុះហត្ថលេខាផ្តល់ដីកម្ពុជាឲ្យគេ តាមរយៈជនផ្តាច់ខ្លួនកុងសរ កាលពីកន្លងទៅនៅលើទឹកដីអាមេរិកនោះ។
-សម្ដេចតេជោ ថ្លែងថា ជនក្បត់ជាតិ សម រង្ស៊ី មិនទាន់បានកាន់អំណាចផង ហ៊ានលួចចុះហត្ថលេខាកាត់ដីឲ្យគេមានសាក្សីក្នុងវីដេអូឃ្លីបយ៉ាងច្បាស់ ពេលចុះហត្ថលេខាជាមួយកុកស ដោយមានទង់ជាតិបីទង់ជាតិកុកសទង់ជាតិខ្មែរអមទង់ជាតិអាមេរិក
-សម្តេចតេជោ ថ្លែងថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹកវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាឡើយ ពីព្រោះកម្ពុជាទម្រាំស្វែងរកសន្ដិភាពបានគឺមានការលំបាកណាស់។
-សម្តេចតេជោ ថ្លែងជាថ្មីម្តងទៀតថា ដរាបណាសម្តេចនៅមានជីវិត គឺសម្តេចមិនអនុញ្ញាតឲ្យ មានអំពើ បះបោរណាមួយនោះឡើយ។
-សម្តេចតេជោ ថ្លែងថា នៅកម្ពុជាអត់មានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយប្រព្រឹទ្ធបទល្មើស និងមានទោសព្រហ្មទណ្ឌ។
– សម្តេចតេជោ ថ្លែងថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅនេះ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ។
– សម្តេចតេជោ ថ្លែងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ។
-សម្តេចតេជោ ថ្លែងថា លោកគ្រូ២៣តុលា និងបុគ្គលម្នាក់ទៀតត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនហើយ បន្ទាប់ពីបុគ្គលនេះ និងប៉ះពួកនិយាយបំភ្លៃការ ពិតទាក់ទងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម(CLV)។
-សម្តេចតេជោ ថ្លែងថា ពេលនេះអាជ្ញាធរបានចាប់ខ្លួនមនុស្សបីនាក់ហើយ ក្រោយពួក គេនិយាយបំភ្លៃការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាមដែលហៅកាត់ថាCLVនេះ។
-សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំសាងសង់នូវផ្លូវឆ្ពោះទៅកាន់មុំបី ជាប់ព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ឲ្យបានឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់ នោះផងដែរដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងបី។
-សម្ដេចតេជោ ថ្លែងថា ក្នុងរយៈកាលជាង ២០ កន្លងមកនេះ កម្ពុជាបានអភិវឌ្ឍប្រទេសក្នុងល្បឿនដ៏លឿន ដែលមួយចំណែកបានមកពីការចូលរួមពីប្រទេសចិនក្នុងការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនានានៅកម្ពុជា។
-សម្តេចតេជោ ប្រកាសផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ។
-សម្តេចតេជោ ប្រកាសទាត់ចោលចំពោះការ ចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាមតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះ។ សម្តេចតេជោ បានបញ្ជាក់ថា«ប្រទេស កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រ ទេសវៀតណាមឡើយ»៕
ដោយ៖ តារា