ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្មស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងកម្លាំងបានរុលដ៏ស្វាហាប់ ទៅជិតដល់ចំណុចគោលដៅហើយ

ចែករំលែក៖

ភ្នំពេញ ៖ បេសកកម្មស្វែងរកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងកម្លាំងបានរុលដ៏ស្វាហាប់ ទៅជិតដល់ចំណុចគោលដៅហើយ ! ចំណុចទីតាំងចុងក្រោយនេះគឺតំបន់ប្រជុំភ្នំចំនួន៣ គឺ ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ ។ នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានផ្តល់របាយការណ៍ចុងក្រោយមកកាលពីថ្ងៃទី២៥កក្កដា ឆ្នាំ២០២៤ថា ៖ បច្ចុប្បន្នកម្លាំងល្បាតថ្មើរជើងបានរុលជិតទៅដល់ជើងភ្នំដែលជាគោលដៅបាត់ខ្លួនរបស់ឧទ្ធម្ភាគចក្រនោះហើយ។

សូមរំលឹកថាប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រធុនZ9 MH-912និងអ្នកបើកបរ២នាក់នេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥និង ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស។

សូមបញ្ជាក់ថា ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង បានបង្ហាញអំពីកំណត់គោលដៅស្វែងរកឧទ្ធម្ភាគចក្រដែលខ្លួនតាំងពីថ្ងៃទី១២កក្កដាមកនោះថាយោងទៅលើការវិភាគផ្អែកតាមលក្ខណៈបច្ចេកទេសចំនួន៥យ៉ាង៖

ទី១- វិភាគតាមរយៈរលកសញ្ញាផ្កាយរណបដែលធ្លាប់ទំនាក់ទំនង ជាមួយឧបករណ៍យន្តហោះដែលធ្លាប់ទាក់ទងមុនការបាត់ខ្លួនក្នុងនោះឧបករណ៍បានអោយគោលដៅនៅម្តុំភ្នំខ្មោច ១៧១៧ម៉ែត្រ ភ្នំខ្នងព្រះជាង១៥០០ម៉ែត្រ. និងភ្នំយាក់យៃ១២៤០ម៉ែត្រ ដែលភ្នំទាំង៣នេះស្ថិតចន្លោះអូរសោម ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់។

ទី២ -វិភាគតាមការស្រាវជ្រាវតាមរយៈស៊ីមកាតទូរសព្ទដែលអ្នកបើកបរបានប្រើប្រាស់គឺប្រព័ន្ធសែលកាតមួយនិងប្រព័ន្ធមិតហ្វូន ហើយក្រុមហ៊ុនទាំង២បានអោយតម្រុយមកគឺចំទីតាំងខាងលើដូចគ្នាដែរ។

ទី៣ -វិភាគតាមរយៈការសិក្សាជាមួយអ្នកហ្វឹកហ្វឺនដូចគ្នា ពីព្រោះផ្លូវអាកាសហ្វឹកហ្វឺនគឺតែងតែធ្វើឡើងតាមផ្លូវដូចគ្នានេះ។

ទី៤- ការវិភាគទៅពេលវេលាដែលយន្តហោះបានមកដល់ខណៈអាកាសធាតុអាក្រក់បានកើតឡើង។

ទី៥-ធ្វើឡើងតាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនៅអូរសោមដែលបានឃើញទីតាំងហោះហើររបស់យន្តហោះ។

យោងតាមការវិភាគទាំងអស់នេះ គណៈបញ្ជាការរុករកបានវាយតម្លៃពីតំបន់ដែលត្រូវរុករកពោលគឺឃុំអូរសោម ទៅឃុំថ្មដារ ព្រមទាំងបានបង្រួមទីតាំងចុងក្រោយនៅតំបន់ភ្នំខ្មោច ភ្នំខ្នងព្រះ និងភ្នំយាក់យៃ ដែលមានជ្រោះជ្រៅ ទឹកហូរខ្លាំង ព្រៃក្រាស់និងអ័ព្ទខ្លាំង ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញអំពីឧបស័គ្គក្នុងការរុករកមាន២ធំៗ គឺទី១ បញ្ហាអាកាសធាតុនៅតំបន់ភ្នំដែលភ្លៀងនិងអ័ព្ទ។ និងទី២ គឺកត្តាភូមិសាស្ត្រ ព្រៃក្រាស់ ភ្នំខ្ពស់ ជ្រោះជ្រៅ ទឹកហូរខ្លាំង ពិបាកធ្វើដំណើរ តាមថ្មើរជើង ហើយការប្រើឧទ្ធម្ភាគចក្រ មើលពីលើមកក៏មិនឃើញព្រោះអ័ព្ទខ្លាំង ហើយការប្រើដ្រូនក៏ត្រូវរំខានដោយពពក។

សូមបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃទី២៦កក្កដានេះ ការស្វែងរុករកឧទ្ធម្ភាគចក្រដែលបាត់ដំណឹង បានប្រើពេលពេលវេលាចំនួន១៤ថ្ងៃហើយ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បានបញ្ជាក់ថា មធ្យោបាយរុករកឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនោះ យើងប្រើឧទ្ធម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើង មកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក និងកងទ័ពពិសេស ដែលសរុបជាង១ពាន់នាក់៕

ដោយ ៖ សិលា


ចែករំលែក៖