ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនភ្នាក់ងារលក់ដីឡូត៍ម្នាក់ដែលបានចូលរួមញុះញង់អោយធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងគ្រុបតេឡេក្រាមមួយឈ្មោះ បាតុកម្មដេីម្បីជាតិ ។ នៅមានមនុស្សជាច្រើនទៀតដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននៅក្នុងគ្រុបតេឡេក្រាមនោះ។
បន្ទាប់ពីដឹងថា សមត្ថកិច្ចបានចូលដល់ក្នុងគ្រុបតេឡេក្រាមពួកគេ ពួកគេបានបង្កើតគ្រុបថ្មីមួយទៀតមានឈ្មោះថា ក្រុមយុវជនការពារសិទ្ធិនិងយុត្តិធម៌ ដែលគ្រុបថ្មីនេះក៏មានសមត្ថកិច្ចចូលទៅដល់ដែរ ។ ភាគច្រើនមេខ្លោងបង្កេីតគ្រុបតេឡេក្រាមដេីម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាលនេះនៅក្រៅប្រទេស។ ដូច្នេះអ្នកនៅក្នុងប្រទេសមិនដឹងរឿងចូលតាមគេដឹងតែគុកហេីយ ព្រោះការផ្លាស់ប្ដូររដ្ឋាភិបាលមិនអាចធ្វេីតាមរយៈបាតុកម្មទេ គឺ បោះឆ្នោត៥ឆ្នាំម្ដង ។
សូមបញ្ជាក់ថា ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកយី សុខតូច ចេញដីកាបង្គាប់ឱ្យនាំខ្លួន បន្ទាប់ពីតំណាងអយ្យការចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៣៨០ អ.យ.ន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់លើឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជានីតិជន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
-យល់ឃើញថា ដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនជនត្រូវចោទឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៨៤ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។
ហេតុដូច្នេះសម្រេច
១-ឱ្យនាំខ្លួនឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ។
២-បង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ដីកាបង្គាប់នេះមានអានុភាពគិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា