ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបានប្រកាសគម្រោងកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥

ចែករំលែក៖

ខេត្តរតនគិរី ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ចេញគម្រោង កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥។ តាមរយៈគម្រោងនេះក្រសួង ជំរុញឱ្យមានការប្រឡងប្រណាំង របស់អាជ្ញាធររាជធានីនិងខេត្តនានានៅកម្ពុជា ដើម្បីចូលរួមបំផុសគំនិតស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥ ជាមួយគ្នានេះ ខេត្តណាដែលមិនមានសំរាមប្លាស្ទិកនៅតាមផ្លូវនឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន។

នេះបើតាមការឱ្យដឹងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្មមន្រ្តីក្រសួងបរិស្ថាន ក្នុងពេលអញ្ជើញជាអធិបតីនៃពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមុិញ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សំណាក់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស គឺផ្តើមចេញពីការចូលរួមប្តេជ្ញាចិត្ត និងការចូលរួមធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងចូលរួមប្លាស្ទិកយ៉ាងផុសផុល។ 

សូមរម្លឹកជូនថា តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន មានប្រជាពលរដ្ឋជាង ៨,៧ លាននាក់ហើយបានចូលរួមនៅក្នុងយុទ្ធនាការ និងបានធ្វើឱ្យកម្ពុជាស្អាតមិនមានសំរាមប្លាស្ទិក ទន្ទឹមនឹងនេះក៏បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅដើមឆ្នាំ២០២៤៕

ដោយ ៖ សិលា


ចែករំលែក៖