សារព័ត៌មាន Reuters បានផ្សព្វផ្សាយថា យោធាអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បានអះអាងថា ខ្លួនបានបាញ់ពន្លិចនាវាមុជទឹកមួយគ្រឿងរបស់
រុស្ស៉ី ព្រមទាំងបានបង្កការខូចខាតដល់ ប្រព័ន្ធការពារដែនអាកាស S-400 ក្នុងតំបន់គ្រីមៀទៀតផង។
ក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា នាវាមុជទឹក
រុស្ស៉ី Rostov-on-Don ត្រូវបានវាយប្រហារនៅឯទីក្រុងកំពង់ផែ Sevastopol កាលពីថ្ងៃសុក្រ ដោយបណ្ដាលឱ្យលិច។ អគ្គសេនាធិការអ៊ុយក្រែនមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតទេ ហើយបន្ថែមទៀតថា យានទម្រ បាញ់របស់ប្រព័ន្ធការពារដែនអាកាស S-400 ចំនួន៤គ្រឿងក៏រងការខូចខាតផងដែរ។
នាវាមុជទឹក Rostov-on-Don ជាប្រភេទនាវាមុជទឹកក្នុងត្រកូល Kilo II-class ដែលមានប្រវែង ៧៣.៨ម៉ែត្រ និងអាចផ្ទុកនាវិក៥២នាក់ រួមទាំងអាចបំពាក់មីស៊ីលគ្រូស Kalibr។ តែយ៉ាងណា ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការអះអាងរបស់យោធាអ៊ុយក្រែននោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ baomoi