ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកកម្ពុជា១រូបទៀតនឹងប្រកួតនៅថ្ងៃពុធនេះ បន្ទាប់ពីកីឡាករហែលទឹកកម្ពុជា២រូបបរាជ័យនៅអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤

ចែករំលែក៖

កីឡាករ ឈុន ប៊ុនថន ជាកីឡាករជម្រើសជាតិអូឡាំពិកកម្ពុជាចុងក្រោយនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយ៨០០ម៉ែត្រផ្នែកបុរស នៅកីឡដ្ឋាន Stade de France នៅថ្ងៃពុធ វេលាម៉ោងប្រហែល៥ល្ងាចម៉ោងនៅកម្ពុជា។ ការរត់របស់គាត់កើតឡើងបន្ទាប់ពីកីឡាករហែលទឹកកម្ពុជាពីរនាក់បានបរាជ័យក្នុងការឈានទៅជុំបន្ទាប់នៅអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។

ប៊ុនថន វ័យ៣១ឆ្នាំ ដែលជាអ្នករត់ប្រណាំងលំដាប់កំពូលរបស់កម្ពុជា បានចូលរួមការប្រណាំងចម្ងាយ៨០០ម៉ែត្រផ្នែកបុរស ដែលជាព្រឹត្តិការណ៍ហត្ថលេខារបស់គាត់។ ការប្រកួតចម្ងាយ៨០០ម៉ែត្រផ្នែកបុរសនៅអូឡាំពិកប៉ារីសមានអត្តពលិក៥០នាក់តំណាង៣២ប្រទេស។

គាត់នៅមានឱកាសមួយទៀតក្នុងការបង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មីនៅក្នុងព្រឹត្តិការណ៍អត្តពលកម្មកំពូលរបស់ពិភពលោកគឺកីឡាអូឡាំពិកទីក្រុងប៉ារីស។ ខណៈដែលអ្នកគាំទ្រកម្ពុជាមិននឹកស្មានថា ប៊ុនថន ឈ្នះមេដាយនោះទេ គ្រប់គ្នាចង់ឃើញគាត់ព្យាយាមឱ្យអស់ពីសមត្ថភាព និងបំបែកកំណត់ត្រា ឬកីឡាកររត់ប្រណាំងកម្ពុជាផ្សេងទៀតដែលធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកដូចគ្នា។

ប៊ុនថន ចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសជាលើកដំបូងរួមជាមួយកីឡាករហែលទឹក២រូបគឺ Sakbun Apsara Katarina ជាខ្មែរកាត់អាមេរិក វ័យ២៣ឆ្នាំ និង Antoine De Lapparent វ័យ១៨ឆ្នាំ ជាខ្មែរកាត់បារាំង។ ប៊ុនថន មានបទពិសោធន៍ច្រើនតំណាងឲ្យកម្ពុជាក្នុងការប្រកួតកីឡាធំៗ។ កីឡាកររូបនេះបានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២កាលពីខែឧសភាឆ្នាំមុននៅប្រទេសកម្ពុជា។

លោកក៏បានចូលរួមប្រកួតឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពីខែកញ្ញាកន្លងទៅ។ ទោះបីជាយ៉ាងណា ប៊ុនថន មិនបានឈ្នះមេដាយអ្វីនៅក្នុងព្រឹត្តិការណ៍ Asian Games នោះទេ។

អត្តពលិកកម្ពុជាពីររូបផ្សេងទៀតដែលប្រកួតនៅទីក្រុងប៉ារីស ទាំងអ្នកហែលទឹក មិនអាចឈានទៅវគ្គបន្ទាប់បានទេ។ កីឡាករ Lapparent ហែលក្នុងវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្ររបស់បុរសនៅ Paris La Defense Arena កាលពីថ្ងៃអង្គារ។ កីឡាកររូបនេះបានប្រកួតជាមួយកីឡាករហែលទឹកកំពូលមកពី Suriname, Tanzania, El Salvador, Mauritius, Bangladesh, Oman និង Libya។ Lapparent ជាប់ចំណាត់ថ្នាក់លេខ៣ក្នុង Heat #2 ប្រើពេល ៥២.៩៥វិនាទី។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦៧ក្នុងចំណោមអ្នកចូលរួម៧៩នាក់ដែលធ្វើឲ្យគាត់មិនអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកកីឡាការិនី Katarina ហែលទឹកក្នុងវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រផ្នែកនារីនៅថ្ងៃសៅរ៍វេលាម៉ោង៤និង១១នាទីរសៀលម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Paris La Defense Arena ស្ថិតក្នុង Heat #6 ដោយប្រកួតប្រជែងជាមួយកីឡាករហែលទឹកមកពីប្រទេសនីហ្សេរីយ៉ា ហ្វីជី ហ្គាណា អាស៊ែបៃហ្សង់ កូសូវ៉ូ ម៉ាដាហ្គាស្ការ និងកៀហ្ស៊ីស៊ីស្ថាន។ 

កីឡាការិនីរូបនេះបានប្រើថិរវេលា២៦.៩០វិនាទី ដោយឈរនៅលេខរៀងទី៦ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣៨ក្នុងចំណោម៧៩នាក់ មិនអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទេ។ ពេលនេះកម្ពុជានៅមានក្តីសង្ឃឹមចុងក្រោយមួយទៀតគឺកីឡាករ ឈុន ប៊ុនថន ដែលត្រូវប្រកួតនៅថ្ងៃពុធនេះ ប្រសិនបើកកីឡាករ ប៊ុនថន អាចដណ្តើមបានជ័យជម្នះនោះ កម្ពុជានឹងទទួលបំបែកកំណត់ត្រាបន្ថែមទៀតក្នុងវិញ្ញាសារត់ចម្ងាយនេះ ៕

ដោយ៖ ភារៈ (រូបភាព ៖ Olympics2024)


ចែករំលែក៖